ការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស និងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រមទាំងបញ្ញាសិប្បនិម្មិត (AI) គឺជាកត្តាស្នូលក្នុងការលើកកម្ពស់ផលិតភាពការងារ បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្ម និងបន្ថែមតម្លៃក្នុងវិស័យឧស្សាហកម្ម។ នេះជាការគូសបញ្ជាក់របស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាវាគ្មិននៃកិច្ចពិភាក្សាគោលនយោបាយ ក្នុងសន្និសីទថ្នាក់ជាតិស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការអភិវឌ្ឍជំនាញអាចសម្រេចទៅបានប្រកបដោយប្រសិទ្ធភាព លុះត្រាតែមានការកំណត់ទិសដៅគោលនយោបាយឧស្សាហកម្មអាទិភាពច្បាស់លាស់ និងមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន។ បច្ចុប្បន្ន ក្រសួងកំពុងបន្តជំរុញការបណ្តុះបណ្តាលទាំងជំនាញរឹង ជំនាញទន់ និងសហគ្រិនភាព ដោយភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជាមួយរោងចក្រ សហគ្រាស ដើម្បីឆ្លើយតបឱ្យចំតម្រូវការអាជីវកម្ម។
ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាជាច្រើនបានចាប់ផ្តើមបញ្ចូលចំណេះដឹងឌីជីថល និង AI ទៅក្នុងកម្មវិធីសិក្សា ដើម្បីពង្រឹងសមត្ថភាពបត់បែនរបស់សិក្ខាកាម។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធីបណ្តុះបណ្តាលផ្អែកលើការងារ និងកម្មវិធី «រៀនផង ធ្វើការផង» ដែលជាស្ពានចម្លងទ្រឹស្តីទៅកាន់ការអនុវត្តផ្ទាល់នៅកន្លែងធ្វើការ ជួយកាត់បន្ថយគម្លាតជំនាញ និងធានាថាសិស្ស-និស្សិតមានឱកាសទទួលបានការងារធ្វើកាន់តែខ្ពស់ក្រោយបញ្ចប់ការសិក្សា៕


