កម្ពុជា​នាំ​យក​ផលិត​ផល​ខ្មែរ​ជា​ច្រើន​មុខ​ ដាក់​តាំង​ជូន​មេ​ដឹក​នាំ និង​ភ្ញៀវ​អាស៊ាន​

សង្គម​និង​សេដ្ឋកិច្ច

ផលិត​ផល​ខ្មែរ​នៃ​សហគមន៍​ពី​តំបន់​នានា​នៃ​កម្ពុជា​ជា​ច្រើន​មុខ​ បាន​រៀប​ចំ​ដាក់​តាំង​ជូន​មេ​ដឹក​នាំ​ និង​ភ្ញៀវ​អាស៊ាន​ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​ ៤១ នៅ​សណ្ឋាគារ​ សុខា ភ្នំពេញ​ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផលិត​ផល​ក្នុង​ស្រុក​ប្រមាណ​ ២៥ ក្រុម​ហ៊ុន​ ដែល​បាន​ដាក់​តាំង​ពិព័រណ៍​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង ៤១ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ០៨ ដល់​ថ្ងៃ​ទី​ ១៣ ខែ​វិច្ឆិកា​ ឆ្នាំ២០២២នេះ មាន​ប្រមាណ​ ២៦ ស្តង់​ ដែល​សុទ្ធ​តែ​ផលិត​ផល​ខ្មែរ​ ប្រកប​ដោយ​គុណ​ភាព​។

កម្មវិធីពិព័រណ៍នេះបានដាក់តាំងបង្ហាញនូវផលិតផលខ្មែរដ៏សម្បូរបែប និង​ប្រកប​ដោយ​ការច្នៃ​ប្រឌិត​ខ្ពស់​ជា​ច្រើន​ប្រភេទ ដូចជា ខ្មុកល្ខោនខោល រូបចម្លាក់ដែលធ្វើពីកំទេចឈើ គ្រឿងចម្លាក់ដែលធ្វើពីប្រាក់ និង​ស្ពាន់ កាបូប ហូល ក្រមា គ្រឿងអលង្ការ សម្លៀកបំពាក់ ដែលធ្វើពីអំបោះសូត្រ កប្បាស និងកំប្លោក ដែល​ផលិត​ឡើង​ដោយ​ដៃ​ពី​ប្រជាជននៅ​តាមសហគមន៍។ ចំណែកផលិតផលក្នុងវិស័យកសិកម្ម មានដូចជា អង្ករ គ្រាប់ស្វាយចន្ទី ស្ករត្នោត​កំពង់ស្ពឺ ទឹកឃ្មុំ មី កាហ្វេ ដំណាប់ស្វាយ ម្រេច អំបិល ផលិតផលថែរក្សាសម្រស់ និងគ្រឿងតុបតែង និង​ ផលិត​ផល​ជា​ច្រើន​ទៀត​។ លើស​ពី​នេះ​ក៏​មាន​ការ​តាំង​នូវ​ប្រវត្តិ​រូបិយវត្ថុ​កម្ពុជា​ ផង​ដែរ​ ជា​ពិសេស​ការ​រចនា​តុ​ពិព័រណ៍​ មាន​ការ​អម​នឹង​សញ្ញា​តំណាង​អាស៊ាន​ ជា​មួយ​នឹង​រូប​ផ្កា​រំដួល​ដែល​ជា​ផ្កា​តំណាង​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​។

គួរ​រម្លឹក​ផង​ដែរ​​ថា​ ​ ការ​ដាក់​តាំង​ពិព័រណ៍​នេះ​មាន​រយៈ​ពេល​ ៦ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ០៨ ដល់​ថ្ងៃ​ទី​ ១៣ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២២ ក្នុង​ការ​បើក​កិច្ច​ប្រជុំ​អាស៊ាន​ពី​ថ្ងៃ​ទី​ ១០ ដល់​ថ្ងៃ​ទី​ ១៣ ខែ​វិច្ឆិកា​ នៅ​សណ្ឋាគារ​ សុខា​ ភ្នំពេញ​៕​