សម្តេចធិបតី៖ កម្ពុជា ប្តេជ្ញាបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេង ដើម្បីពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តីគឺជាស្នូល»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងដូច្នេះ ក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច, អប់រំ, សុខភាព និង ការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ, ការបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិធ្វើការសម្រេចចិត្តលើផែនការគ្រួសារ, ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ។

បន្ថែមពីនេះ សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស, ការអប់រំ, ការលើកកម្ពស់សុខភាព, សុខុមាលភាពសង្គម, ការបង្កើតឱកាស និងការលើកកម្ពស់តួនាទីស្ត្រី និងយុវជន ក្នុងការអភិវឌ្ឍជាតិ ។ សម្តេចជឿថា ក្មេងស្រីម្នាក់ដែលទទួលបានការអប់រំល្អ, មានសុវត្ថិភាព, មានទំនុកចិត្តលើខ្លួនឯង និង មានឱកាសចូលរួមក្នុងសង្គម មិនត្រឹមតែអាចផ្លាស់ប្តូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចជួយផ្លាស់ប្តូរគ្រួសារ, សហគមន៍ និងប្រទេសជាតិរបស់គាត់ផងដែរ។

សម្តេចអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់យ៉ាងមុតមាំថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកសាង និងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ, សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិ ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានរំលេចអំពីតួនាទីសំខាន់ណាស់របស់កាយឫទ្ធិនារី ក្នុងការបណ្ដុះភាពជាអ្នកដឹកនាំអាចចាប់ផ្តើមពីសកម្មភាពតូចៗ មានដូចជា ការជួយមិត្តភក្តិ, ការគោរពវិន័យ, ការបម្រើសហគមន៍, ការការពារបរិស្ថាន, ការថែរក្សាអ្នកងាយរងគ្រោះ និងការរួមចំណែកដើម្បីសុខដុមរមនាក្នុងសហគមន៍៕ អត្ថបទ៖ហ្សាលីន