សម្តេចធិបតី៖ ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នេះជាលើកដំបូង, ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់ តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀត។ ទន្ទឹមគ្នានេះ សម្តេចថា ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើកផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ភូមិ​ហ្វ្រង់កូហ្វូនី» កាលព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជាភាសាបារាំងថា សម្តេចមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមប្រកាសបើកជាផ្លូវការភូមិហ្វ្រង់កូហ្វូនី នាពេលនេះ។

សម្តេចធិបតីបន្តថា នេះជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយសម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំកំពូលនាពេលនេះគឺជាខណៈពេលដ៏មានមោទនភាព ជាខណៈពេលនៃសាមគ្គីភាព និងជាខណៈពេលនៃការអបអរដ៏រីករាយសម្រាប់យើងទាំងអស់គ្នា។

សម្តេចធិបតី បានថ្លែងទៀតថា កម្ពុជា និងហ្វ្រង់កូហ្វូនី មានប្រវត្តិរួមគ្នាយូរលង់ណាស់មកហើយ។ ប្រទេសកម្ពុជាបានចូលជាសមាជិកសង្កេតការណ៍នៃអង្គការហ្វ្រង់កូហ្វូនី ក្នុងឆ្នាំ១៩៩១ មុននឹងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។

សម្តេចបន្តថា ភាសាបារាំងគឺជាភាសានៃការចងចាំ, ជាភាសាសម្រាប់ ការសិក្សា ចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព ហើយហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក, ជាលំហនៃការផ្លាស់ប្តូរ, ការធ្វើពាណិជ្ជកម្ម និង នវានុវត្តន៍។ ហេតុនេះ សម្តេចថា ហ្វ្រង់កូហ្វូនីប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ៖ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។

ឆ្លៀតឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស ទាំងអស់ដែលបានអញ្ជើញមកពីគ្រប់ទិសទីនៃពិភពលោក ដើម្បីចូលរួម កម្មវិធីរបស់យើងនៅទីនេះ។ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏សូមឱ្យភូមិហ្វ្រង់កូហ្វូនីនេះបង្កើតបាននូវភាពជាដៃគូថ្មីៗ និងបង្កើតបាននូវមិត្តភាពយូរអង្វែងជាមួយ ចាប់ពីពេលនេះតទៅ៕ អត្ថបទ៖ហ្សាលីន