CDC ជំរុញឱ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ខំអភិវឌ្ឍវិស័យនេះ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញនិងលើកទឹកចិត្តដល់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឱ្យបន្តខិតខំអភិវឌ្ឍវិស័យនេះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដឹកនាំដោយលោក ស្រ៊ុន ពៅ ប្រធានសមាគម កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ស្រ៊ុន ពៅ ប្រធានសមាគម បានជម្រាបជូនអំពីសាវតារនៃការបង្កើតសមាគម ព្រមទាំងបានចែករំលែកអំពីវឌ្ឍនភាព និងសក្តានុពលនៃវិស័យចិញ្ចឹមសត្វ ដែលជាផ្នែកដ៏សំខាន់មួយនៃវិស័យកសិកម្ម និងមានតួនាទីចូលរួមចំណែកក្នុងការបង្កើនផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាកសិករ និងធានាសន្តិសុខស្បៀង។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។

ជាការឆ្លើយតប លោក លោក ជា វុទ្ធី អគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សមាគមនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់សមាគមដែលបានចែករំលែកព័ត៌មានអំពីស្ថានភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជានាពេលបច្ចុប្បន្ន។ លោកបានជំរុញ និងលើកទឹកចិត្តឱ្យសមាគមបន្តខិតខំអភិវឌ្ឍវិស័យនេះ មិនត្រឹមតែដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវជំរុញការកែច្នៃផលិតផល ដើម្បីឈានទៅដល់ការនាំចេញផងដែរ។

តាមរយៈជំនួបខាងលើនោះដែរ CDC ក៏បានជំរុញឱ្យសមាគមត្រូវយកចិត្តទុកដាក់លើលទ្ធភាពនៃការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក សំដៅបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ បន្ថែមលើនេះ CDC k*បានគូសបញ្ជាក់អំពីតួនាទីរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងការសម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត៕ អត្ថបទ៖ហ្សាលីន