កម្ពុជាពង្រឹងភាពជាដៃគូពហុវិស័យ ឆ្ពោះទៅធានានិរន្តរភាពនៃការបញ្ចប់ជំងឺអេដស៍ ក្រោយសម្រេចគោលដៅ 95-95-95 មុនកាលកំណត់

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ជួ សោភា ប្រធានក្រុមជំនួយការ បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ដើម្បីពិភាក្សាទិសដៅសកម្មភាពឆ្នាំ២០២៧។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានអ្នកចូលរួមពីតំណាងក្រសួង-ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាង ១៨០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមដែលជួយឱ្យកម្ពុជាសម្រេចបានគោលដៅ 95-95-95 មុនកាលកំណត់ និងត្រូវបានអង្គការ UNAIDS ទទួលស្គាល់ជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលើកទី៦ ឆ្នាំ២០២៤-២០២៨។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម ដែលបានសហការយ៉ាងល្អជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញការផ្សព្វផ្សាយអប់រំស្ដីពីការបង្ការ និងការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ ដល់មន្ត្រីរាជការ និស្សិតកសិកម្ម អាជីវករ និងសហគមន៍កសិកម្ម នេសាទ និងព្រៃឈើ។

លទ្ធផលនៃកិច្ចសហប្រតិបត្តិការពហុវិស័យនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការធានានិរន្តរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្ពោះទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជា៕