សម្តេច ហ៊ុន សែន៖ មន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ

សង្គម​និង​សេដ្ឋកិច្ច

ជាថ្មីម្តងទៀត ក្នុងពិធីប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការ កាលពីថ្ងៃទី១៣ មិថុនាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។ កត្តាចៃដន្យនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួន បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច៕