លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យពង្រឹងការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានទីផ្សារការងារផ្អែកលើទិន្នន័យ និងចាប់យកឱកាសពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើននវានុវត្តន៍ ផលិតភាព និងប្រសិទ្ធភាពការងារ។ ការណែនាំនេះត្រូវបានធ្វើឡើងក្នុងពិធីបិទសន្និសីទថ្នាក់ជាតិស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៦ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។


ថ្លែងចំពោះមុខអ្នកចូលរួមប្រមាណ ៣០០នាក់ ដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសហប្រជាជាតិ អង្គការ ILO ដៃគូអភិវឌ្ឍន៍ និយោជក និងកម្មករនិយោជិត លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) គឺជាបរិវត្តកម្មបច្ចេកវិទ្យាថ្មីដែលនឹងផ្ដល់ឱកាសកាន់តែច្រើនដល់អ្នកចេះប្រើប្រាស់ ក្នុងការបំប្លែងគំនិតទៅជានវានុវត្តន៍ និងបង្កើនផលិតភាពការងារ។ ទន្ទឹមនេះ លោកបានប្ដេជ្ញាបន្តជំរុញការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ និងចំគោលដៅ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានឱកាសការងារល្អ និងជីវភាពកាន់តែប្រសើរប្រកបដោយភាពធន់ និងបរិយាបន្ន។
សន្និសីទរយៈពេល ២ថ្ងៃ ដែលបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៦ ស្ដីពីបរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាននេះ នឹងផ្ដល់ជាធាតុចូលយ៉ាងសំខាន់សម្រាប់ការរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ ព្រមទាំងគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្នាំ២០២៦-២០៣៥។
ជាមួយគ្នានោះ លោក ហេង សួរ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំក្រសួងពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងគ្រឹះស្ថាន TVET ឱ្យឆ្លើយតបចំតម្រូវការនិយោជក ពន្លឿនការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ និងសហការជាមួយសមាគមធុរកិច្ចដើម្បីជំរុញអន្តរកាលសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ ព្រមទាំងពង្រីករបបសន្តិសុខសង្គមឱ្យកាន់តែទូលំទូលាយថែមទៀត៕




