សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សាយចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ លោក ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦។
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ នឹងបន្តកសាងលើសមិទ្ធផលដែល សម្រេចបានក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះ ទៅរកសហគមន៍អាស៊ានដែលផ្តោតលើប្រជាជន មានភាពធន់ និងត្រៀមខ្លួនសម្រាប់អនាគត។ កិច្ចប្រជុំកំពូល ក៏នឹងផ្តល់វេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពន្លឿនការកសាងសហគមន៍អាស៊ាន ផ្លាស់ប្តូរ ទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ និងពង្រឹងការចូលរួមជាមួយដៃគូសន្ទនារបស់អាស៊ាន និងសហគមន៍ អន្តរជាតិទាំងមូល ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាន និងចាប់យកកាលានុវត្តភាពថ្មីៗ។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ មួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ៖ហ្សាលីន

