លោក កែន សេរីរដ្ឋា អគ្គនាយកសហគមន៍មូលដ្ឋាន និងជាប្រធានលេខាធិការដ្ឋានកិច្ចការឥណទានកាបូននៃក្រសួងបរិស្ថាន បានលើកឡើងថា «កម្ពុជា គឺជាប្រទេសលេចធ្លោមួយ ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ»។

លោក កែន សេរីរដ្ឋា លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការរៀបចំសេចក្តីព្រាងឯកសារកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្ពុជា ក្រោមកម្មវិធី SCALE (World Bank’s Scaling Climate Action for Lowering Emissions) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Angkor Phokeethra Sofitel ខេត្តសៀមរាប។
នាឱកាសនោះ លោក កែន សេរីរដ្ឋា បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសលេចធ្លោមួយ ក្នុងចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគម្រោងរេដបូក ដែលយើងបានរៀបចំអនុវត្តន៍ការងារនេះប្រកបដោយការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។
ជាមួយគ្នានេះ សិក្ខាសាលាពិគ្រោះយោបល់នេះពិតជាមានសារៈសំខាន់ណាស់ ដែលជាឱកាសឱ្យអ្នកចូលរួមទាំងអស់បានជួបជុំគ្នាដើម្បីប្រមូលធាតុចូល ចែករំលែកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ជាលក្ខណៈវិទ្យាសាស្ត្រ លក្ខណៈប្រពៃណីរបស់អ្នកពាក់ព័ន្ធពិសេសបងប្អូនជនជាតិដើមភាគតិច ដើម្បីធ្វើយ៉ាងណារៀបចំគម្រោងនេះឱ្យបានគ្រប់ជ្រុងជ្រោយ។

លោក កែន សេរីរដ្ឋា បានគូសបញ្ជាក់បន្ថែមអំពីការរៀបចំនូវយន្តការពង្រឹងនិងពង្រីកនូវសេដ្ឋកិច្ច មូលដ្ឋានរបស់ប្រជាសហគមន៍មូលដ្ឋានជាង២០០សហគមន៍ ដែលបាននិងកំពុងអាស្រ័យផលអនុផលព្រៃឈើពីតំបន់ការពារធម្មជាតិ។ សមិទ្ធផលដែលយើងទាំងអស់គ្នា ពិសេសប្រជាសហគមន៍កំពុងតែទទួលបាននាពេលនេះ គឺកើត ចេញពីចក្ខុវិ័ស័យប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានប្រើប្រាស់នូវសមិទ្ធផល និងដើមទុន ដែលសម្តេចតេជោ និងសម្តេចធិបតី បានរៀបចំនេះ បង្កើតបាននូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនគ្រប់ជំនាន់៕
