សម្តេចតេជោ រំពឹងថា សន្ទុះភ្ញៀវទេសចរចូលមកកាន់កម្ពុជា មិនតិចជាង៤,៥លាននាក់ នៅក្នុងឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមទុកថា នៅក្នុងឆ្នាំនេះ នឹងមានសន្ទុះទេសចរណ៍ចូលមកកម្ពុជា មិនតិចជាង ៤,៥លាននាក់នោះឡើយ ខណៈសម្តេចក៏បានជំរុញឱ្យក្រសួងពាក់ព័ន្ធធ្វើការដាក់តម្លៃទៅលើចំណីអាហារ ដើម្បីសម្រួលដល់ទេសចរទាំងនោះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយ(BBU) កាលពីថ្ថៃថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រឹងប្រែង និងក្រសួងពាណិជ្ជកម្ម សម្របសម្រួលជាមួយអ្នកលក់ដូរតូចតាចឱ្យដាក់តម្លៃផលិតផល ឬម្ហូបអាហារដែលបានតាំងលក់ ដើម្បីងាយស្រួលក្នុងការលក់ដូរផង ហើយអ្នកទិញក៏ងាយស្រួលផងដែរ។

ដោយសម្តេចបានបញ្ជាក់ថា៖« បើសិនជាជនបរទេស ចង់ទិញចំណីអាហារអ្វីមួយ ហើយទំនិញនោះតម្លៃប៉ុន្មាន គឺគាត់អត់ដឹងនោះទេ ដូច្នេះសូមឱ្យអ្នកលក់ដូរទាំងឡាយ សរសេរតម្លៃដាក់លើទំនិញរបស់ខ្លួន ព្រោះកន្លងមកមានទំនិញមួយចំនួនបានដាក់ហើយ ប៉ុន្ដែនូវទំនិញមួយចំនួន មិនទាន់បានដាក់នោះទេ»។

ហេតុនេះ សម្ដេចតេជោ ហ៊ុន សែន បានក៏បានប្រាប់ដល់អ្នកលក់ដូរ ក៏ដូចជាក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម គួរតែចាប់ផ្ដើមរៀបចំដាក់តម្លៃ ហើយការដាក់តម្លៃនេះ មិនមែនដាក់សម្រាប់តែចូលឆ្នាំនោះទេ គឺដាក់គ្រប់ពេល ដើម្បីផ្ដល់ភាពងាយស្រួល ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ខណៈសម្ដេច បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ សម្ដេចសង្ឃឹមថា ភ្ញៀវទេសចរបរទេស ដែលមកលេងកំសាន្ដ នៅក្នុងប្រទេសកម្ពុជា មិនតិចជាង៤.៥លាននាក់នោះទេ។

គួរបញ្ជាក់ដែរថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏នៅតែបានលើកទឹកចិត្ដឱ្យដាក់តម្លៃលើទំនិញ ដោយសរសេរភាសាខ្មែរ នៅខាងលើ និងសរសេរភាសាអង់គ្លេស ពីខាងក្រោម ព្រោះការដាក់តម្លៃនេះ គឺជាការប្រកួតប្រជែងមួយ ហើយនឹងជួយទាញកំណើនទេសចរណ៍មកកាន់កម្ពុជាផងដែរ៕

អត្ថបទ៖ ពិសី