AngkorMilk គម្រប់ខួប១០ឆ្នាំនៅកម្ពុជា បង្ហាញពីការរួមចំណែកសេដ្ឋកិច្ច និងផែនការ            វិនិយោគបន្ថែមលើវិស័យចិញ្ចឹមគោយកទឹកដោះ

សង្គម​ និង​សេដ្ឋកិច្ច

កំពង់ស្ពឺ៖ ក្នុងឱកាសគម្រប់ខួប១០ឆ្នាំនៃការវិនិយោគ និងប្រតិបត្តិការអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Angkor Dairy Products Co., Ltd. ដែលជាក្រុមហ៊ុនផលិតទឹកដោះគោម៉ាក AngkorMilk បានបង្ហាញពីសមិទ្ធផលនៃការរួមចំណែកផ្នែកសេដ្ឋកិច្ច សង្គម និងផែនការពង្រីកការវិនិយោគនាពេលអនាគត តាមរយៈការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាដែលបានជួសជុលរួចរាល់ នៅសាលាបឋមសិក្សាតាំងរបង ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះមានការចូលរួមពី លោក ឈួន ឈុំ អភិបាលនៃគណៈអភិបាលរងស្រុកឱរ៉ាល់ លោក Ta Duy Tung អគ្គនាយកក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី  អាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាដែលបានជួសជុលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រសហគមន៍មូលដ្ឋាន។ សកម្មភាពនេះក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបង្កើតតម្លៃរួមរវាងការរីកចម្រើនអាជីវកម្ម និងការអភិវឌ្ឍសង្គមជាតិ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក AngkorMilk បានកសាងមូលដ្ឋានអាជីវកម្មនៅកម្ពុជាតាមរយៈការវិនិយោគលើរោងចក្រផលិតកម្ម ការបង្កើតឱកាសការងារ ការអភិវឌ្ឍជំនាញក្នុងស្រុក និងការពង្រីកបណ្តាញចែកចាយផលិតផល           ទូទាំងប្រទេស។

យោងតាមទិន្នន័យដែលក្រុមហ៊ុនបានលើកឡើង AngkorMilk បានបង្កើតការងារដល់បុគ្គលិកជាង៦០០នាក់ និងគាំទ្រដល់អាជីវករជាង៥០,០០០នាក់ ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ រួមមានអ្នកចែកចាយបន្ត អ្នកលក់ដុំ និង អ្នកលក់រាយ។ ផលិតផលរបស់ក្រុមហ៊ុនមានអ្នកប្រើប្រាស់ចុងក្រោយប្រមាណជាង៣លាននាក់ក្នុងមួយឆ្នាំ។

បន្ថែមពីនេះ ក្រុមហ៊ុនបានរួមចំណែកបង់ពន្ធចូលថវិកាជាតិប្រមាណ៨២លានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំ ដែលជាការរួមចំណែកដល់ចំណូលថវិកាជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

ចំពោះសមត្ថភាពផលិតកម្ម AngkorMilk មានរោងចក្រផលិតទឹកដោះគោនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ (RPPSEZ) ដែលប្រើប្រាស់គ្រឿងចក្រស្វ័យប្រវត្តិ និងបច្ចេកវិទ្យាទំនើបពីប្រទេសស៊ុយអែត អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក។ រោងចក្រនេះអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារតាមស្តង់ដារ ISO, FSSC 22000, HACCP និង GMP។

ការវិនិយោគលើបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក គឺជាផ្នែកសំខាន់នៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការកសាងសមត្ថភាពផលិតកម្មប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ក្នុងរយៈពេល១០ឆ្នាំនេះ បុគ្គលិកខ្មែរបានទទួលការអភិវឌ្ឍជំនាញ និងចំណេះដឹងបច្ចេកទេសក្នុងវិស័យផលិតផលទឹកដោះគោ ព្រមទាំងបទពិសោធន៍លើការគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារ។

ទិសដៅវិនិយោគថ្មី៖ ពង្រឹងខ្សែច្រវាក់តម្លៃឧស្សាហកម្មទឹកដោះគោកម្ពុជា

សម្រាប់ជំហានបន្ទាប់ AngkorMilk បានបង្ហាញពីការប្តេជ្ញាចិត្តបន្តវិនិយោគនៅកម្ពុជា ដោយមានគោលដៅពង្រីកសមត្ថភាពអាជីវកម្ម បង្កើតឱកាសការងារថ្មី អភិវឌ្ឍជំនាញប្រជាពលរដ្ឋក្នុងស្រុក គាំទ្រវិស័យកសិកម្ម និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គម្រោងវិនិយោគសំខាន់មួយដែលក្រុមហ៊ុនបានលើកឡើង គឺការវិនិយោគបន្ថែមលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើប ដែលមានស្តង់ដារខ្ពស់។ គម្រោងនេះមានគោលបំណងចូលរួមអភិវឌ្ឍសមត្ថភាពកសិករកម្ពុជា តាមរយៈការផ្តល់ឱកាសរៀនសូត្រ និងបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹងការចិញ្ចឹមគោយកទឹកដោះ។

ក្នុងទស្សនៈរយៈពេលវែង ការអភិវឌ្ឍកសិដ្ឋានគោយកទឹកដោះក្នុងស្រុកអាចជួយពង្រឹងមូលដ្ឋានផលិតកម្មក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូលទឹកដោះគោ និងរួមចំណែកបង្កើតខ្សែច្រវាក់តម្លៃដែលភ្ជាប់រវាង វិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃចំណីអាហារ។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបញ្ជាក់ពីការបន្តគាំទ្រវិស័យអប់រំ ការរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងការលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជា។

ការផ្តល់ជូនអគារសិក្សាដែលបានជួសជុលរួចរាល់ដល់សាលាបឋមសិក្សាតាំងរបង ក្នុងឱកាសខួប១០ឆ្នាំនេះ គឺជាការបង្ហាញពីទស្សនៈវិស័យរបស់ AngkorMilk ដែលមើលឃើញថា ការវិនិយោគលើសង្គម និងការអប់រំ គឺជាផ្នែកមួយនៃការកសាងអនាគតប្រកបដោយចីរភាព។

AngkorMilk បញ្ជាក់ពីការបន្តបេសកកម្មក្នុងការផ្តល់ផលិតផលទឹកដោះគោដែលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភល្អជូនប្រជាជនកម្ពុជា ព្រមទាំងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

AngkorMilk ១០ឆ្នាំនៅកម្ពុជា៖ បន្តវិនិយោគ បន្តបង្កើតឱកាស និងបន្តរីកចម្រើនជាមួយកម្ពុជា។