តម្លៃប្រេងឆៅសកលបានធ្លាក់ចុះបន្តិចគិតនៅត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាប្រចាំសប្តាហ៍ ដោយសារការបន្តបិទខ្ទប់ប្រទេសអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក បានជួយកាត់បន្ថយការព្រួយបារម្ភអំពីការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា។ តែទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារលើនាវាដឹកជញ្ជូនតាមសមុទ្រ នៅតែជាកត្តាហានិភ័យដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងដដែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២៨សេន ឬ ០,២៩% មកនៅត្រឹម ៩៥,៥៤ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះ ៥៦សេន ឬ ០,៦៣% មកនៅត្រឹម ៨៨,១៨ដុល្លារក្នុងមួយបារ៉ែល។
យ៉ាងណាមិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅលើបណ្តាញសង្គម Truth Social កាលពីពេលថ្មីៗនេះថា ការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ គឺមិនមែនជារឿងចាំបាច់ទៀតនោះទេ សម្រាប់ការបញ្ចប់ជម្លោះនេះ។
ទន្ទឹមនឹងនេះ លោកស្រី Sugandha Sachdeva ស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវ SS WealthStreet ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី បាននិយាយថា៖ “ការបញ្ជាក់របស់លោក ត្រាំ ដែលថាការបង្កើនសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់អាចជារឿងមិនចាំបាច់នោះ បានបង្កើនការរំពឹងទុកថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងងាកទៅពឹងផ្អែកកាន់តែខ្លាំងលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការរឹតត្បិតលើការដឹកជញ្ជូនប្រេង ជាជាងការបង្កើនប្រតិបត្តិការយោធា”។
លោកស្រី Sachdeva បានបន្ថែមថា ការធ្លាក់ចុះនៃតម្លៃប្រេងនេះ ក៏បណ្តាលមកពីសញ្ញានៃការថយចុះតម្រូវការនៅក្នុងសហរដ្ឋអាមេរិកផងដែរ ដោយសារការកើនឡើងនៃស្តុកប្រេងឆៅ និងប្រេងឥន្ធនៈ ដែលបង្ហាញថាទស្សនវិស័យនៃការប្រើប្រាស់ប្រេង គឺមានកម្រិតទាបជាងមុន៕

