លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ អ្នកឧកញ៉ា សៀ ឬទ្ធី ចំពោះមរណភាព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល ដែលត្រូវជាម្តាយក្មេករបស់អ្នកឧកញ៉ា។

លិខិតរំលែកមរណទុក្ខរបស់សមាគមឧកញ៉ាកម្ពុជា មានសេចក្តីដូចខាងក្រោម៖
យើងខ្ញុំទាំងអស់គ្នា ជាប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា មានសេចក្តីសោកស្ដាយនិងសង្វេគជាពន់ពេកដោយបានទទួលដំណឹងថា ព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល ត្រូវជាម្តាយក្មេករបស់ អ្នកឧកញ៉ា បានទទួលមរណភាពក្នុងជន្មាយុ ៨៩ឆ្នាំ ដោយរោគាពាធនាថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងវេលាប្រកបដោយសេចក្ដីវិយោគដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកមរណទុក្ខដ៏ស្មោះ ស្ម័គ្រជាមួយ អ្នកឧកញ៉ា លោកជំទាវ និង ក្រុមគ្រួសារទាំងមូល ចំពោះការបាត់បង់ម្ដាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួតដ៏ឧត្ដុង្គឧត្តមមួយរូបដែលបានចំណាយពេលពេញមួយជីវិតក្នុងការបំពេញតួនាទីជាមេគ្រួសារប្រកបដោយ គុណធម៌ សង្គហធម៌ និងព្រហ្មវិហារធម៌ជាគំរូដ៏ល្អប្រពៃសម្រាប់កូនចៅ និងញាតិមិត្តជិតខាងទាំងអស់។
ការលះបង់ សេចក្តីស្រឡាញ់ និងការអប់រំទូន្មានរបស់លោកនឹងស្ថិតស្ថេរជាអនុស្សាវរីយ៍ដ៏ថ្លៃថ្លា និងជាមរតក នៃគុណ តម្លៃសម្រាប់ក្រុមគ្រួសារ និងអ្នកដែលបានស្គាល់រាប់អានជានិច្ច។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា លោកជំទាវ និងក្រុមគ្រួសារទាំងមូល ហើយសូមចូលរួមចែករំលែកនូវទុក្ខសោកដ៏ធ្ងន់ធ្ងរនេះដោយក្តីគោរព និងសមានចិត្ត។ ក្នុងឱកាសដែលពោរពេញដោយភាពសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក សុផល សូមបានសោយសុខក្នុង សុគតិភព និងទទួលនូវបរមសុខជានិច្ចនិរន្តរ៍។


