ខេត្តសៀមរាប ត្រៀមខ្លួនរួចរាល់ក្នុងការទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងការអញ្ជើញ​មកដល់របស់ឯកឧត្តមប្រធានាធិបតីបារាំង

សង្គម​ និង​សេដ្ឋកិច្ច

(សៀមរាប)៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខេត្តសៀមរាប ទឹកដីអង្គរ បានត្រៀមខ្លួនរួចរាល់​ក្នុងការទទួលព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដំណើរអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវស្ត្រីទី១ រួមជាមួយគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូប នៅក្នុងការព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ធ្វើឡើងបន្ទាប់ពីការងារជួសជុល និងអភិរក្សប្រាសាទមេបុណ្យ​ខាងលិច​បានបញ្ចប់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីចំណាយពេលជួសជុលអស់រយៈពេល ១៤ឆ្នាំ ដោយ​ចំណាយ​ទឹកប្រាក់ចំនួន ១២លានដុល្លារ។ ការជួសជុលនេះគឺជាកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង។ មុនពិធីសម្ពោធផ្លូវការ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីប្រុងពលីបួងសួង​សុំម្ចាស់ទឹកម្ចាស់ដីនៅ​បរិវេណប្រាសាទកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប្រាសាទមេបុណ្យខាងលិច កសាងឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទ​ឧទយាទិត្យវរ្ម័នទី២ ស្ថិតនៅលើកោះចំកណ្តាលបារាយណ៍ទឹកថ្លា ក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ភាពអស្ចារ្យរបស់ប្រាសាទនេះគឺមានរូបព្រះវិស្ណុ ផ្ទុំធ្វើពីសំរិទ្ធនៅចំកណ្ដាលស្រះនៃប្រាសាទ ដែលព័ទ្ធជុំវិញដោយកំពែង និងប្រាង្គចំនួន១៦។ តាមការបញ្ជាក់របស់លោកបណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរជាតិអប្សរា ការជួសជុលនេះនឹងធ្វើឱ្យប្រាសាទអាចឈររឹងមាំបានយ៉ាងហោចណាស់ ៥០ ទៅ ១៥០ឆ្នាំ ទៅមុខទៀត។

សូមជម្រាបថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវស្ត្រីទី១ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​កំពូលហ្វ្រង់កូនហ្វូនីលើកទី២០ (Francophonie) នៅរាជធានីភ្នំពេញ៕

រូបថត៖ ឃុត សៅ