(សៀមរាប)៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខេត្តសៀមរាប ទឹកដីអង្គរ បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដំណើរអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវស្ត្រីទី១ រួមជាមួយគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូប នៅក្នុងការព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ធ្វើឡើងបន្ទាប់ពីការងារជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិចបានបញ្ចប់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីចំណាយពេលជួសជុលអស់រយៈពេល ១៤ឆ្នាំ ដោយចំណាយទឹកប្រាក់ចំនួន ១២លានដុល្លារ។ ការជួសជុលនេះគឺជាកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង។ មុនពិធីសម្ពោធផ្លូវការ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីប្រុងពលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីនៅបរិវេណប្រាសាទកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ប្រាសាទមេបុណ្យខាងលិច កសាងឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ស្ថិតនៅលើកោះចំកណ្តាលបារាយណ៍ទឹកថ្លា ក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ភាពអស្ចារ្យរបស់ប្រាសាទនេះគឺមានរូបព្រះវិស្ណុ ផ្ទុំធ្វើពីសំរិទ្ធនៅចំកណ្ដាលស្រះនៃប្រាសាទ ដែលព័ទ្ធជុំវិញដោយកំពែង និងប្រាង្គចំនួន១៦។ តាមការបញ្ជាក់របស់លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ការជួសជុលនេះនឹងធ្វើឱ្យប្រាសាទអាចឈររឹងមាំបានយ៉ាងហោចណាស់ ៥០ ទៅ ១៥០ឆ្នាំ ទៅមុខទៀត។
សូមជម្រាបថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវស្ត្រីទី១ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូនហ្វូនីលើកទី២០ (Francophonie) នៅរាជធានីភ្នំពេញ៕






រូបថត៖ ឃុត សៅ

