សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានដាក់ថ្ងៃផុតកំណត់ឲ្យមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk ឆ្លើយតបទៅនឹងសំណើសុំរក្សាទុកឯកសារពាក់ព័ន្ធនឹងការរឹតត្បិតសេវាកម្ម Starlink និង Starshield នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យពីររូប គឺលោកស្រី Jeanne Shaheen និងលោក Chris Coons បានផ្ញើលិខិតមួយទៅកាន់លោក Musk ដោយលើកឡើងពីការរំខានផ្នែកសេវាកម្ម Starlink និង Starshield ចំនួនពីរលើកនៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែតុលា និងខែវិច្ឆិកានេះ។ ពួកគេបានអះអាងថា ស្ថានភាពនេះបានជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពប្រតិបត្តិការយោធារបស់អ៊ុយក្រែន ក្នុងជម្លោះជាមួយប្រទេសរុស្ស៊ី។
លោកស្រី Shaheen និងលោក Coons បានសរសេរនៅក្នុងលិខិតដដែលនោះថា៖ “ការរឹតត្បិតដែលបានកើតឡើងនៅក្នុងខែតុលា និងខែវិច្ឆិកា ដែលវាបានបង្កឱ្យមានការព្រួយបារម្ភថា ភាពងាយរងគ្រោះបែបនេះក៏កើតអាចមាននៅក្នុងប្រព័ន្ធដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ផងដែរ”។
សមាជិកសភាទាំងពីររូបចង់ឱ្យក្រុមហ៊ុន SpaceX ផ្តល់ឯកសារទំនាក់ទំនងពាក់ព័ន្ធនឹង Starlink និង Starshield ទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការទំនាក់ទំនងរវាងលោក Musk ថ្នាក់ដឹកនាំក្រុមហ៊ុន SpaceX សេតវិមាន និងមន្ទីរបញ្ចកោណ ចាប់តាំងពីថ្ងៃទី១ ខែកញ្ញាមក។
ជម្រាបជូនថា ចំណាត់ការនេះត្រូវបានគេមើលឃើញថា ជាការត្រៀមរៀបចំរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការស៊ើបអង្កេតទ្រង់ទ្រាយធំលើរបៀបដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដោះស្រាយជម្លោះនៅអ៊ុយក្រែន៕

