ពិភពលោក កំពុងប្រឈមមុខទៅនឹងការផ្គត់ផ្គង់ប្រេងលើសតម្រូវការ

អន្តរជាតិ

ទីផ្សារប្រេងពិភពលោកអាចនឹងជួបប្រទះនូវការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងត្រីមាសទី៤ នៃឆ្នាំនេះ ខណៈពេលដែលការនាំចេញប្រេងពីតំបន់មជ្ឈិមបូព៌ាកំពុងស្តារឡើងវិញលឿនជាងកំណើនតម្រូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍ប្រចាំខែដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ការផ្គត់ផ្គង់ប្រេងពិភពលោកនឹងមានជាមធ្យម ១០៥ លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងត្រីមាសទី៤។ តួលេខនេះខ្ពស់ជាងការព្យាករតម្រូវការប្រើប្រាស់ចំនួន ១,៧ លានបារ៉ែលក្នុងមួយថ្ងៃ។ កន្លងមក IEA ធ្លាប់បានព្យាករថា ទីផ្សារប្រេងនឹងជួបប្រទះកង្វះខាតការផ្គត់ផ្គង់ប្រេងនៅក្នុងត្រីមាសទី៤។

IEA បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា៖ “ទីផ្សារប្រេងកំពុងបង្ហាញសញ្ញានៃការវិលត្រឡប់ទៅរកតុល្យភាពវិញ ដោយការផ្គត់ផ្គង់កំពុងកើនឡើងលើសតម្រូវការជាលើកដំបូង ចាប់តាំងពីជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើង”។

ជម្រាបជូនថា បណ្តាប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រកំពុងស្តារការនាំចេញប្រេងឡើងវិញ បន្ទាប់ពីត្រូវបានរំខានដោយសារជម្លោះ។ ប្រទេសទាំងនេះកំពុងអនុវត្តវិធានការផ្សេងៗ ដូចជាការបិទសញ្ញាកំណត់អត្តសញ្ញាណរបស់នាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីជៀសវាងការវាយប្រហារ៕​