សមាជិកសភាអាមេរិក ដាក់ថ្ងៃកំណត់សម្រាប់មហាសេដ្ឋី Elon Musk ឆ្លើយតបជុំវិញប្រព័ន្ធ Starlink

អន្តរជាតិ

សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានដាក់ថ្ងៃផុតកំណត់ឲ្យមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk ឆ្លើយតបទៅនឹងសំណើសុំរក្សាទុកឯកសារពាក់ព័ន្ធនឹងការរឹតត្បិតសេវាកម្ម Starlink និង Starshield នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យពីររូប គឺលោកស្រី Jeanne Shaheen និងលោក Chris Coons បានផ្ញើលិខិតមួយទៅកាន់លោក Musk ដោយលើកឡើងពីការរំខានផ្នែកសេវាកម្ម Starlink និង Starshield ចំនួនពីរលើកនៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែតុលា និងខែវិច្ឆិកានេះ។ ពួកគេបានអះអាងថា ស្ថានភាពនេះបានជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពប្រតិបត្តិការយោធារបស់អ៊ុយក្រែន ក្នុងជម្លោះជាមួយប្រទេសរុស្ស៊ី។

លោកស្រី Shaheen និងលោក Coons បានសរសេរនៅក្នុងលិខិតដដែលនោះថា៖ “ការរឹតត្បិតដែលបានកើតឡើងនៅក្នុងខែតុលា និងខែវិច្ឆិកា ដែលវាបានបង្កឱ្យមានការព្រួយបារម្ភថា ភាពងាយរងគ្រោះបែបនេះក៏កើតអាចមាននៅក្នុងប្រព័ន្ធដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ផងដែរ”។

សមាជិកសភាទាំងពីររូបចង់ឱ្យក្រុមហ៊ុន SpaceX ផ្តល់ឯកសារទំនាក់ទំនងពាក់ព័ន្ធនឹង Starlink និង Starshield ទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការទំនាក់ទំនងរវាងលោក Musk ថ្នាក់ដឹកនាំក្រុមហ៊ុន SpaceX សេតវិមាន និងមន្ទីរបញ្ចកោណ ចាប់តាំងពីថ្ងៃទី១ ខែកញ្ញាមក។

ជម្រាបជូនថា ចំណាត់ការនេះត្រូវបានគេមើលឃើញថា ជាការត្រៀមរៀបចំរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការស៊ើបអង្កេតទ្រង់ទ្រាយធំលើរបៀបដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដោះស្រាយជម្លោះនៅអ៊ុយក្រែន៕​