ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យធុរជនហ្វ្រង់កូហ្វូន ជួយវិនិយោគលើវិស័យអេឡិចត្រូនិក យានយន្ត កែច្នៃអាហារ បច្ចេកវិទ្យា និងថាមពលស្អាត នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជំរុញឱ្យវិនិយោគិនបរទេស ជាពិសេសក្រុមហ៊ុនមកពីប្រទេសប្រើប្រាស់ភាសាបារាំង ឱ្យពិចារណាវិនិយោគលើវិស័យអេឡិចត្រូនិក ឧស្សាហកម្មរថយន្ត ការកែច្នៃចំណីអាហារ បញ្ញាសិប្បនិម្មិត (AI) និងថាមពលស្អាតនៅកម្ពុជា ដើម្បីរួមចំណែកជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម​ដែលមានតម្លៃបន្ថែមខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានៃវេទិកាធុរកិច្ចហ្វ្រង់កូហ្វូនលើកទី៦ ដែលរៀបចំឡើង​ដោយសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ន ការនាំចេញរបស់កម្ពុជាពឹងផ្អែកយ៉ាងសំខាន់លើផលិតផលកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ កម្ពុជាចាំបាច់ត្រូវពង្រីកមូលដ្ឋាន​ឧស្សាហកម្ម និងទាក់ទាញការវិនិយោគលើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យអេឡិចត្រូនិក សម្ភារអគ្គិសនី ឧស្សាហកម្មរថយន្ត ការកែច្នៃចំណីអាហារ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងថាមពលស្អាត គឺជាវិស័យដែលកម្ពុជា​ចង់ឃើញមានការវិនិយោគកាន់តែច្រើន ដើម្បីបង្កើតផលិតកម្មទំនើប បង្កើនតម្លៃផលិតផលក្នុងស្រុក និងបង្កើត​ឱកាសការងារជំនាញសម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមថា កម្ពុជាមានកត្តាអំណោយផលជាច្រើនសម្រាប់ការវិនិយោគ រួមមាន សន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងសេដ្ឋកិច្ចដែលប្រើប្រាស់​ប្រាក់ដុល្លារអាមេរិកទូលំទូលាយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ប្រកាន់យកគោលនយោបាយគាំទ្រធុរកិច្ច និងចាត់ទុកវិស័យឯកជនជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ដោយបង្កើតយន្តការសន្ទនាជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសម្រួលដល់ការធ្វើធុរកិច្ចផងដែរ៕