កម្ពុជា កំពុងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលទ្រង់ទ្រាយធំ តាមរយៈគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់កម្រិត ២៣០ គីឡូវ៉ុល ដែលតភ្ជាប់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ឆ្ពោះទៅរកគោលដៅថាមពលស្អាត ៧០% នៅឆ្នាំ២០៣០។

គម្រោងនេះត្រូវបានអនុវត្តក្រោមក្របខណ្ឌឥណទានសរុបចំនួន ១៨៣ លានដុល្លារអាមេរិក ដែលជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា (EDC)។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា គម្រោងថាមពលដ៏មានសារៈសំខាន់នេះ ត្រូវបានចាត់ទុកថាជាគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏ធំមួយក្នុងចំណោមគម្រោងសំខាន់ៗនៅក្នុងតំបន់អាស៊ានទាំងមូល ដោយផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖

១. ពង្រីកការទទួលថាមពលបៃតងនិងជំរុញកម្ពុជាឱ្យទទួលបាននូវថាមពលស្អាតយ៉ាងតិច ៧០% នៅត្រឹមឆ្នាំ២០៣០
២. ពង្រឹងស្ថេរភាពបណ្ដាញជាតិ កាត់បន្ថយអត្រាដាច់ភ្លើង និងបង្កើនគុណភាពអគ្គិសនី
៣. ជំរុញសេដ្ឋកិច្ចថ្មី បង្កើនសហគ្រាសធំៗ និងជួយបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋតាមផែនការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទាំងនៅលើកោះនិងដីគោក៕


