សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធគម្រោងតម្លៃ ៩៩ លានដុល្លារ ធំជាងគេបំផុតនៅកម្ពុជា ចុះបញ្ជីជាផ្លូវការលើផ្សារមូលបត្រ ដើម្បីគាំទ្រថាមពលពន្លឺព្រះអាទិត្យ

សង្គម​ និង​សេដ្ឋកិច្ច

ទីផ្សារមូលបត្រកម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការដាក់ឱ្យជួញដូរជាផ្លូវការនូវសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធគម្រោងរបស់ក្រុមហ៊ុន ស្នេថេក ជុកភីធើ ឯ.ក ដែលមានតម្លៃរហូតដល់ ៩៩ លានដុល្លារអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះគឺជាការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធគម្រោងដែលមានទំហំធំជាងគេបំផុតនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន និងជាផ្នែកមួយនៃកញ្ចប់ហិរញ្ញប្បទានសរុបតម្លៃ ១៥០ លានដុល្លារអាមេរិក ក្រោមកិច្ចសហការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី រដ្ឋាភិបាលលុចសំបួ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងក្រុមហ៊ុន ស្នេថេក ជុកភីធើ ឯ.ក។

មូលនិធិដែលប្រមូលបានពីសញ្ញាបណ្ណនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគលើគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣៥០ មេហ្គាវ៉ាត់ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលថាមពលពន្លឺព្រះអាទិត្យកម្លាំង ៩៣០ មេហ្គាវ៉ាត់ ធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការបោះផ្សាយលក់សញ្ញាបណ្ណនេះ មិនត្រឹមតែជាការកៀរគរទុនរបស់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចបៃតង ការបង្កើតការងារបៃតង និងការធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕