កម្ពុជា-ជប៉ុន បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែមានភាពស៊ីជម្រៅស្របតាមស្មារតី«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»រវាងប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍ទ្វេភាគី។

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយលោក NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) នៃប្រទេសជប៉ុន កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានយកឱកាសនេះគូសរំលេចអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្ម ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអនុគ្រោះ និងបើកចំហ ក្រោមច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវកិច្ចសម្របសម្រួល និងការថែទាំគាំទ្រដ៏កក់ក្តៅដល់រាល់គ្រប់គម្រោងវិនិយោគរបស់ជប៉ុន។

ជាការឆ្លើយតប លោកNISHIMURA Yasutoshi បានកត់សម្គាល់ដោយក្តីសរសើរចំពោះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការពង្រឹងស្ថិរភាពនយោបាយរបស់កម្ពុជា។ ក្នុងនាមជាសមាជិករដ្ឋសភាជប៉ុន លោកបង្ហាញក្នុងការបន្តដើរតួនាទីយ៉ាងសកម្ម ដើម្បីជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កម្ពុជា-ជប៉ុន ព្រមទាំងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមមួយកម្រិតទៀត។
សូមជម្រាបដែរថា នៅក្នុងជំនួបនោះ កម្ពុជា-ជប៉ុន បានចាត់ទុកថា កិច្ចពិភាក្សាការងារនេះ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីមិត្តភាព និងទំនុកចិត្តផ្នែកនយោបាយ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្តេជ្ញាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែមានភាពស៊ីជម្រៅ ស្របតាមស្មារតីនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា និងជប៉ុន ប្រកបដោយភាពប្រទាក់ក្រឡានិងរស់រវើក ដើម្បីជាឧត្តមប្រយោជន៍និងវិបុលភាពរួមសម្រាប់ប្រជាជាតិទាំងពីរ៕ អត្ថបទ៖ហ្សាលីន

