កម្ពុជា បង្ហាញយុទ្ធសាស្ត្រតភ្ជាប់ «ប្រព័ន្ធបាគង» និង «ហិរញ្ញប្បទានពាណិជ្ជកម្មឌីជីថល» ដើម្បីទាក់ទាញលំហូរមូលធន និងពង្រឹងសេដ្ឋកិច្ចក្នុងយុគសម័យបែកខ្ញែកសកល

សង្គម​ និង​សេដ្ឋកិច្ច

ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្មថ្មីមួយ ដោយប្រើប្រាស់បច្ចេកវិទ្យាទូទាត់ឌីជីថល និងលំហូរមូលធន ជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងវេទិកា Black Swan Summit Cambodia 2026 ក្រោមមូលបទ «Disruptive by Design» ដែលសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN) កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា សមាហរណកម្មសេដ្ឋកិច្ចសម័យទំនើប លែងពឹងផ្អែកតែលើការកាត់បន្ថយពន្ធគយទៀតហើយ ប៉ុន្តែត្រូវពឹងផ្អែកខ្លាំងលើលំហូរមូលធន ទិន្នន័យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។

ដើម្បីសម្រេចបាននូវការរួមបញ្ចូលគ្នារវាងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងពាណិជ្ជកម្ម លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើអាទិភាពយុទ្ធសាស្ត្រចំនួន ៥ ដោយចាប់ផ្តើមពីការឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីឱ្យធនាគារពាណិជ្ជ ក្រុមហ៊ុន FinTech និងថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក សហការគ្នាបង្កើតដំណោះស្រាយហិរញ្ញវត្ថុរួមបញ្ចូលគ្នា ចាប់តាំងពីការទទួលបានហិរញ្ញប្បទាន រហូតដល់ការទូទាត់ប្រាក់ឆ្លងដែនប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ កម្ពុជានឹងជំរុញការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម (Trade Finance) ក្នុងអត្រាសមរម្យ ព្រមទាំងប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក និងឯកសារឌីជីថលក្រោមក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដើម្បីកាត់បន្ថយថ្លៃដើមប្រតិបត្តិការរបស់វិស័យឯកជនក្នុងទីផ្សារតំបន់ និងកិច្ចព្រមព្រៀង RCEP។

បន្ថែមពីលើនេះ កម្ពុជាបន្តបើកចំហទីផ្សារឱ្យក្រុមហ៊ុន FinTech និងបច្ចេកវិទ្យាអន្តរជាតិ ចូលមកសហការបង្កើតដំណោះស្រាយឌីជីថល និងកម្មវិធីកុំព្យូទ័រថ្មីៗ ដើម្បីពង្រីកវិសាលភាពអាជីវកម្មពីកម្ពុជាទៅកាន់ទីផ្សារតំបន់។ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្រសួងក៏បានផ្តល់អនុសាសន៍ឱ្យសាកល្បងបង្កើត «ច្រករបៀងពាណិជ្ជកម្ម» ដោយប្រើប្រាស់ប្រព័ន្ធទូទាត់អន្តរប្រតិបត្តិការ ដើម្បីតភ្ជាប់លំហូរវិនិយោគ និងធុរកិច្ចរវាងសហគមន៍និយាយភាសាបារាំង ជាមួយនឹងទីផ្សារអាស៊ានផងដែរ។

ដើម្បីធានាបាននូវបរិយាបន្នហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធនឹងប្រើប្រាស់កំណត់ត្រាប្រតិបត្តិការឌីជីថលក្រោមវិធានការការពារសុវត្ថិភាព ធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃឥណទាន ដែលវិធីសាស្ត្រនេះនឹងជួយឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង អាចទទួលបានទុនបង្វិលកាន់តែងាយស្រួល និងឆាប់រហ័ស។

លោកស្រីក៏បានប្រដូចទីតាំងប្រសព្វទន្លេចតុមុខនៃរាជធានីភ្នំពេញ ទៅនឹងការរួមបញ្ចូលគ្នារវាងនិយ័តករហិរញ្ញវត្ថុ ស្ថាប័នពាណិជ្ជកម្ម និងវិស័យឯកជន ក្នុងការបង្កើតការបណ្តាក់ទុនរួមគ្នា ដោយបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា៖ «កម្ពុជានៅតែរក្សាភាពបើកចំហចំពោះពាណិជ្ជកម្ម បើកចំហចំពោះការវិនិយោគ និងជាពិសេស បើកចំហចំពោះការរួមគ្នាបង្កើតអ្វីដែលថ្មី»៕