មហាសេដ្ឋីមានដាច់គេបំផុតនៅលើលោក Elon Musk បានបង្ហើបថា កូនប្រុសអាយុ ៦ឆ្នាំរបស់លោក ឈ្មោះ X មានការចាប់អារម្មណ៍ និងស្រឡាញ់ប្រទេសចិនយ៉ាងខ្លាំង ដោយសារតែរូបគេយល់ថាប្រទេសចិន ជាឋានសួគ៌នៃរបស់របរក្មេងលេង។

កាលពីពេលថ្មីៗនេះ លោក Musk ប្រធានក្រុមហ៊ុន Tesla និង SpaceX បានបង្ហាញខ្លួននៅទីក្រុង Shenzhen ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលអមដំណើរប្រធានាធិបតីអាេមរិក លោក ដូណាល់ ត្រាំ ទៅចូលរួមកិច្ចប្រជុំកំពូល APEC។
យ៉ាងណាមិញ ក្នុងជំនួបជាមួយលោក Ren Hongbin ដែលជាប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន លោក Musk បានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះប្រទេសចិន ដោយនិយាយថា លោកគឺជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ប្រទេសចិន។
មិនតែប៉ុណ្ណោះ នៅក្នុងពេលជំនួបនោះ លោក Musk ក៏បាននាំកូនប្រុសអាយុ ៦ឆ្នាំរបស់លោកឈ្មោះ ឈ្មោះ X Æ A-Xii ទៅជាមួយផងដែរ។
ក្រោយមក លោកបានងាកទៅសួរកូនប្រុសដែលអង្គុយក្បែរថា៖ “X តើកូនស្រឡាញ់ប្រទេសចិនទេ?” ក្មេងប្រុសបានឆ្លើយតបយ៉ាងរហ័សវិញថា៖ “បាទ!”។ ចម្លើយនេះបានធ្វើអ្នកទាំងពីរដែលនៅក្នុងជំនួបនោះផ្ទុះសំណើចយ៉ាងខ្លាំង។
លោក Musk បានពន្យល់ថា កូនប្រុសរបស់លោកចាត់ទុកប្រទេសចិនថាជាឋានសួគ៌នៃរបស់ក្មេងលេង ព្រោះប្រទេសនេះផលិតទំនិញស្ទើរតែគ្រប់ប្រភេទ រួមទាំងប្រដាប់ប្រដាក្មេងលេងផងដែរ។ លោកបានបន្ថែមថា ប្រដាប់ប្រដាក្មេងលេងទាំងអស់របស់កូនប្រុសលោកសុទ្ធតែមានស្លាកសញ្ញា «Made in China» ឬផលិតនៅប្រទេសចិន៕

