តុលាការហាមឃាត់ក្រុមហ៊ុន BYD មិនឲ្យលក់រថយន្ត SUV រូបរាងស្រដៀង Land Rover Defender នៅអឺរ៉ុប

អន្តរជាតិ

តុលាការនៅទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចហាមឃាត់ក្រុមហ៊ុនផលិតរថយន្តចិន BYD មិនឱ្យនាំចូល ផលិត ចែកចាយ និងលក់រថយន្តប្រភេទ SUV ម៉ូដែល Ti7 នៅក្នុងទីផ្សារសហភាពអឺរ៉ុប បន្ទាប់ពីរកឃើញថា រថយន្តម៉ូដែលនេះបានរំលោភលើសិទ្ធិកម្មសិទ្ធិបញ្ញាផ្នែករចនារបស់ក្រុមហ៊ុន Jaguar Land Rover (JLR)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីសម្រេចនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុន JLR បានដាក់ពាក្យប្តឹង ដោយចោទប្រកាន់ថា រថយន្ត BYD ម៉ូដែល Ti7 មានលក្ខណៈរចនាស្រដៀងនឹងរថយន្ត Land Rover Defender ខ្លាំងពេក និងបានរំលោភលើសិទ្ធិរចនាផលិតផលដែលក្រុមហ៊ុនខ្លួនទទួលបានការការពារនៅសហភាពអឺរ៉ុប។

មិនតែប៉ុណ្ណោះ តុលាការក៏បានបញ្ជាក់ទៀតថា ធាតុផ្សំសំខាន់ៗនៃការរចនារថយន្ត Land Rover Defender ដូចជា រូបរាងតួរថយន្តរាងជ្រុង ស្មាតួរថយន្ត រាងរបាំងកង់ បង្អួចចំហៀង និងសមាមាត្ររួមនៃតួរថយន្ត ត្រូវបានបង្ហាញស្រដៀងគ្នាយ៉ាងខ្លាំងនៅលើរថយន្ត BYD Ti7។ ដូច្នេះ ភាពខុសគ្នានៃការរចនារវាងរថយន្តទាំងពីរមិនគ្រប់គ្រាន់ដើម្បីបង្កើតចំណាប់អារម្មណ៍រួមខុសគ្នានោះទេ។

គួរឲ្យដឹងថាសេចក្តីសម្រេចហាមឃាត់នេះនឹងចូលជាធរមានមួយសប្តាហ៍បន្ទាប់ពីថ្ងៃចេញសាលក្រម ហើយនឹងបន្តអនុវត្តរហូតដល់មានការដោះស្រាយសំណុំរឿងកម្មសិទ្ធិបញ្ញានេះ។ ការហាមឃាត់ក៏គ្របដណ្តប់លើការផលិតរថយន្តម៉ូដែលនេះនៅរោងចក្រថ្មីរបស់ BYD ក្នុងប្រទេសហុងគ្រីផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា ការសម្រេចនេះមិនរាប់បញ្ចូលសកម្មភាពរបស់ BYD នៅក្នុងចក្រភពអង់គ្លេសឡើយ ដោយសារតុលាការហូឡង់មិនមានដែនសមត្ថកិច្ចលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD នៅក្នុងប្រទេសនេះនោះឡើយ៕​