ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន CANCAP Global Co., Ltd. ព្រមទាំងគណៈប្រតិភូវិនិយោគកាណាដា កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកកិច្ចពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិនកាណាដានិងកម្ពុជា។ កិច្ចពិភាក្សានេះ បានធ្វើឡើងក្រោមវត្តមានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាស្វែងរកឱកាសពង្រឹង កិច្ចសហប្រតិបត្តិការជាដៃគូ ដោយបានផ្លាស់ប្តូរមតិយោបល់ផ្តោតលើផែនការសម្រាប់ការអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម ជាទស្សនវិស័យនាពេលអនាគត រួមមាន៖ ការរៀបចំលំនៅឋានសមរម្យសម្រាប់ការរស់នៅប្រកបដោយសុខុមាលភាព និងភាពសុខដុមក្នុងគ្រួសារ គាំទ្រជំរុញឲ្យមានការវិនិយោគលើវិស័យកសិកម្ម ដោយផ្តោតលើការចិញ្ចឹមសត្វ ដាំដំណាំ និងគ្រឿងទេសចាំបាច់នានា សំដៅលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រទេសអោយកាន់តែមានសន្ទុះឈានឡើង។

ក្រៅពីនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តគាំទ្រលើកទឹកចិត្តជំរុញឲ្យមានការវិនិយោគបន្ថែមទៀតលើវិស័យអប់រំ ធនាគារ ពាណិជ្ជកម្ម ថាមពល និងរោងចក្រកែច្នៃអាហារសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញផងដែរ។
សូមគូសបញ្ជាក់ថា ជំនួបនាពេលនេះគឺជាការកសាងស្ពានពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយកម្ពុជា និងកាណាដា មានលក្ខណៈពិសេសដោយប្រជាជនកម្ពុជារស់នៅប្រទេសកាណាដាច្រើន៕អត្ថបទ៖ហ្សាលីន


