ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចពិភាក្សារួមគ្នាជាមួយក្រុមហ៊ុន Sheng Siong Group ដែលជាក្រុមហ៊ុនលក់រាយដ៏ធំមួយនៅប្រទេសសិង្ហបុរី ដើម្បីពិភាក្សាអំពីឱកាសជំរុញការនាំចេញ និងការពង្រីកលទ្ធភាពនាំចេញផលិតខ្មែរចូលទីផ្សារសិង្ហបុរីសម្រាប់ផលិតផលកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយលោកស្រី Lin Rui Wen នាយកប្រតិបត្តិនៃក្រុមហ៊ុន Sheng Siong Group។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើសក្តានុពលនៃផលិតផលកម្ពុជាដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារសិង្ហបុរី ជាពិសេសផលិតផលកសិកម្ម និងកសិ-ចំណីអាហារ រួមមាន អង្ករ បន្លែ ផ្លែឈើ និងផលិតផលម្ហូបអាហារកែច្នៃផ្សេងៗ។ កិច្ចពិភាក្សាក៏បានផ្តោតលើតម្រូវការទីផ្សារ ស្តង់ដារគុណភាព និងសុវត្ថិភាពម្ហូបអាហារ ការវេចខ្ចប់ សមត្ថភាពផ្គត់ផ្គង់ប្រកបដោយស្ថិរភាព និងតម្លៃប្រកួតប្រជែង ដែលជាកត្តាសំខាន់សម្រាប់ការចូលទៅក្នុងបណ្តាញលក់រាយទំនើបនៅប្រទេសសិង្ហបុរី។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសសិង្ហបុរី គឺជាទីផ្សារអាទិភាពដ៏សំខាន់មួយសម្រាប់កម្ពុជា និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់ ដែលមានតម្រូវការខ្ពស់លើផលិតផលម្ហូបអាហារដែលមានគុណភាព សុវត្ថិភាព និងប្រភពផ្គត់ផ្គង់ដែលអាចទុកចិត្តបាន។ លោកថា ការពង្រីកវត្តមានផលិតផលកម្ពុជានៅទីផ្សារសិង្ហបុរី មិនត្រឹមតែអាចរួមចំណែកបង្កើនការនាំចេញ និងធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយលើកកម្ពស់ការទទួលស្គាល់ផលិតផល និងម៉ាកសញ្ញាកម្ពុជា ព្រមទាំងបង្កើតឱកាសសម្រាប់ការពង្រីកទៅកាន់ទីផ្សារអន្តរជាតិផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ លោក សំហេង បូរ៉ា បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ក្នុងការសម្របសម្រួល និងផ្សារភ្ជាប់ Sheng Siong Group ជាមួយអ្នកផលិត និងអ្នកនាំចេញកម្ពុជាដែលមានសក្តានុពល ព្រមទាំងជួយសម្រួលដល់ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការចូលទីផ្សារ ដើម្បីប្រែក្លាយសក្តានុពលនៃផលិតផលកម្ពុជាទៅជាឱកាសនាំចេញជាក់ស្តែង និងប្រកបដោយចីរភាពទៅកាន់ទីផ្សារសិង្ហបុរី។
សូមជម្រាបដែរថា តាមរយៈកិច្ចសហការជាមួយ Sheng Siong Group ដែលជាបណ្តាញផ្សារទំនើបឈានមុខមួយនៅប្រទេសសិង្ហបុរីនាពេលនេះ គឺអាចដើរតួនាទីជាស្ពានពាណិជ្ជកម្មដ៏សំខាន់ក្នុងការភ្ជាប់អ្នកផលិត និងអ្នកនាំចេញកម្ពុជាដោយផ្ទាល់ជាមួយបណ្តាញចែកចាយ និងអ្នកប្រើប្រាស់នៅប្រទេសសិង្ហបុរី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពកំណត់ផលិតផលកម្ពុជាដែលមានសក្តានុពល និងភ្ជាប់ Sheng Siong Group ជាមួយក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់កម្ពុជាដែលមានសមត្ថភាព ដើម្បីឈានទៅរកកិច្ចសហការពាណិជ្ជកម្មជាក់ស្តែងនាពេលខាងមុខ៕ អត្ថបទ៖ហ្សាលីន

