អគ្គរដ្ឋទូតអាមេរិកមើលឃើញសន្ទុះអភិវឌ្ឍន៍ដ៏លឿនរបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំខាងមុខ ខណៈទំហំទិញឧបករណ៍អគ្គិសនីអាមេរិកដោយ EDC ឈានដល់ ៥២លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

​លោក Christopher J. Anderson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថាមពលឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Christopher J. Anderson បានបង្ហាញការកោតសរសើរ និងសុទិដ្ឋិនិយមខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងយ៉ាងមុតមាំថា ផ្អែកលើសន្ទុះនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន រួមផ្សំជាមួយនឹងសក្តានុពលដ៏សម្បូរបែបដែលកម្ពុជាមានស្រាប់ «យ៉ាងយូរ១០ឆ្នាំទៀត កម្ពុជាប្រាកដជាអភិវឌ្ឍបានច្រើន និងឈានទៅមុខបានឆ្ងាយណាស់»។

ទន្ទឹមនឹងការមើលឃើញពីអនាគតដ៏ត្រចះត្រចង់នេះ ទំនាក់ទំនងពាណិជ្ជកម្មលើវិស័យថាមពលរវាងប្រទេសទាំងពីរក៏កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែង កន្លងមក អគ្គិសនីកម្ពុជា (EDC) បានបញ្ជាទិញឧបករណ៍ និងបរិក្ខារអគ្គិសនីទំនើបៗពីសហរដ្ឋអាមេរិក ដើម្បីយកមកប្រើប្រាស់ និងពង្រឹងប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីជាតិ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៥២ លានដុល្លារអាមេរិក។

កិច្ចសហការនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់កម្ពុជាលើបច្ចេកវិទ្យា និងគុណភាពឧបករណ៍របស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយជំរុញវិស័យថាមពលកម្ពុជាឱ្យកាន់តែមានស្ថិរភាព ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។