លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ យល់ឃើញថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ គឺជាឱកាសដ៏ពិសេសមួយនាំឱ្យយើងបានជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ព្រមទាំងបន្តថែរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។

នៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃចន្ទនេះ លោកជំទាវអ្នកឧកញ៉ា បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ គឺជាឱកាសដ៏ពិសេសមួយដែលនាំឱ្យយើងបានជួបជុំជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីសាទរជាមួយបរិយាកាសដ៏សប្បាយរីករាយ និងប្រពៃណីដ៏ផូរផង់របស់ជាតិយើង។ ការបណ្ដែតប្រទីបដែលមានពន្លឺភ្លឺចែងចាំង ការជួបជុំអកអំបុក និងសំពះព្រះខែ ដើម្បីសម្ដែងការដឹងគុណ និងបួងសួងសុំសេចក្ដីសុខ សុទ្ធតែជាទំនៀមទម្លាប់ដ៏មានអត្ថន័យ ដែលបង្កើតនូវបរិយាកាសកក់ក្ដៅ និងពោរពេញដោយស្នាមញញឹម។
លោកជំទាវអ្នកឧកញ៉ា បានបន្ថែមបែបនេះថា៖ “សម្រាប់នាងខ្ញុំ អ្វីដែលធ្វើឱ្យពិធីបុណ្យនេះកាន់តែមានអត្ថន័យ គឺការបានឃើញមនុស្សគ្រប់ជំនាន់រួមគ្នាអបអរសាទរ និងបន្តថែរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។ ព្រោះការថែរក្សាវប្បធម៌ មិនមែនគ្រាន់តែជាការចងចាំពីអតីតកាលនោះទេ ប៉ុន្តែជាការបន្តផ្ទេរមរតកដ៏មានតម្លៃនេះទៅកាន់កូនចៅជំនាន់ក្រោយ។ ក្នុងឱកាសដ៏រីករាយនេះ នាងខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។ រីករាយព្រះរាជពិធីបុណ្យអុំទូក”។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំ និងមានសារៈសំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ១៤កើត ១៥កើត និង ១រោច ខែកត្តិក។ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរសម័យអង្គរ ក្នុងការធ្វើសឹកសង្គ្រាមការពារទឹកដី ដូចដែលមានចម្លាក់បង្ហាញនៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារជាដើម។ ម្យ៉ាងទៀត ក៏ជាការសម្តែងនូវការដឹងគុណចំពោះទន្លេមេគង្គ និងបឹងទន្លេសាប ដែលបានផ្តល់ដីល្បាប់មានជីជាតិ និងផលត្រីយ៉ាងសំបូរបែបដល់ប្រជាពលរដ្ឋកម្ពុជា៕





