រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានស្នើដាក់ពន្ធគយថ្មីលើដៃគូពាណិជ្ជកម្មចំនួន ១៤ រួមមានប្រទេសចិន សហភាពអឺរ៉ុប (EU) ជប៉ុន និងឥណ្ឌាជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសំណើរបស់ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) នៅថ្ងៃទី២៥ ខែវិច្ឆិកា ប្រទេស និងតំបន់សេដ្ឋកិច្ចទាំង ១៤ ដែលអាចប្រឈមនឹងការដាក់ពន្ធគយថ្មីនេះ រួមមាន ចិន បង់ក្លាដែស កម្ពុជា សហភាពអឺរ៉ុប ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី ស្វីស តៃវ៉ាន់ ថៃ និងវៀតណាម។
តាមរយៈសំណើនេះ សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង ស្វីស និងតៃវ៉ាន់ នឹងប្រឈមនឹងពន្ធគយ ១៥% ខណៈបង់ក្លាដែស កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ អាចប្រឈមនឹងពន្ធរហូតដល់ ១៨%។ ទន្ទឹមនឹងនេះ សិង្ហបុរី ឥណ្ឌា និងវៀតណាម អាចប្រឈមនឹងពន្ធខ្ពស់បំផុតរហូតដល់ ២០% ២៥% និង ៣៥% រៀងៗគ្នា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមក្រសួងបានបញ្ជាក់វិញផងដែរថា នេះគ្រាន់តែជាសំណើរបស់ USTR ប៉ុណ្ណោះ ហើយការដាក់ពន្ធគយនេះ មិនទាន់ត្រូវបានអនុវត្តភ្លាមៗនៅឡើយនោះទេ។
តាមសំណើរបស់ USTR ពន្ធគយលើប្រទេសចិនអាចមានអត្រាខ្ពស់បំផុតដល់ ២០% ដែលស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនៅខែតុលា ឆ្នាំ២០២៥។ ទំនិញមួយចំនួនពីប្រទេសចិននឹងប្រឈមនឹងពន្ធអតិបរមា ១០% ខណៈផលិតផលដែលស្ថិតក្នុងបញ្ជីស្នើសុំអនុគ្រោះរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន នឹងត្រូវលើកលែងពន្ធ។
យោងតាម USTR ក៏បានបង្ហាញទៀតថា ពន្ធថ្មីនេះនឹងមិនត្រូវបូកបន្ថែមជាមួយពន្ធដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដែលមានអត្រាពី ១០% ទៅ ១២,៥% នោះទេ លើកលែងតែប្រទេសចិន។ ចំពោះទំនិញដែលស្ថិតក្រោមការគិតពន្ធទាំងពីរប្រភេទ អាមេរិកនឹងអនុវត្តតែអត្រាពន្ធដែលខ្ពស់ជាងគេប៉ុណ្ណោះ៕

