ក្រុមហ៊ុន Vingroup ដែលគ្រប់គ្រងដោយមហាសេដ្ឋីកំពូលរបស់វៀតណាម លោក Pham Nhat Vuong កំពុងចរចាជាមួយរដ្ឋាភិបាលរដ្ឋមួយចំនួននៅក្នុងប្រទេសឥណ្ឌា ដើម្បីស្វែងរក និងទិញដីសម្រាប់អភិវឌ្ឍគម្រោងលំនៅឋាន សណ្ឋាគារ និងអាជីវកម្មអចលនទ្រព្យផ្សេងៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Tapan Ghosh អគ្គនាយក VinFast ប្រចាំតំបន់អាស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup បានប្រាប់សារព័ត៌មាន The Hindu BusinessLine ថា ក្រុមហ៊ុនកំពុងពិភាក្សាជាមួយរដ្ឋាភិបាលនៃរដ្ឋនានា នៅក្នុងប្រទេសឥណ្ឌា ដើម្បីស្វែងរកឱកាសទិញដី និងអភិវឌ្ឍគម្រោងអចលនទ្រព្យ លំនៅឋាន សេវាកម្មសណ្ឋាគារ និងវិស័យផ្សេងៗទៀត។
តែទោះជាយ៉ាងណា គម្រោងជាក់លាក់ ទីតាំង និងទំហំទុនវិនិយោគនៅមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ។ Vingroup បានបញ្ជាក់ថា ការចរចានេះគឺជាជំហានបន្ទាប់ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលក្រុមហ៊ុនបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលរដ្ឋមួយចំនួននៅឥណ្ឌាកាលពីពេលពេលកន្លងមក។
ទន្ទឹមនឹងនេះលោក Pham Nhat Quan Anh ប្រធាន និងជានាយកប្រតិបត្តិសកលរបស់ VinFast បានលើកឡើងថាក្រុមហ៊ុនមេ Vingroup អាចពង្រីកអាជីវកម្មសណ្ឋាគារ និងរមណីយដ្ឋានទៅកាន់ប្រទេសឥណ្ឌា ហ្វីលីពីន និងឥណ្ឌូណេស៊ី ដោយផ្អែកលើបទពិសោធក្នុងការអភិវឌ្ឍវិស័យសណ្ឋាគារ និងទេសចរណ៍នៅប្រទេសវៀតណាម។
ជម្រាបជូនផងដែរថា លោក Pham Nhat Quan Anh គឺជាកូនប្រុសរបស់លោក Pham Nhat Vuong ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ និងនៅក្នុងប្រទេសវៀតណាម ដោយមានចំនួនសរុបប្រមាណ ៣៧,៩ពាន់លានដុល្លារ៕

