ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon បានប្រកាសថាខ្លួនកំពុងបិទមន្ទីរពិសោធនបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងសៀងហៃ ប្រទេសចិន ចំពេលមានការព្រួយបារម្ភលើសន្តិសុខជាតិអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការសម្រេចចិត្តរបស់ Amazon ក្នុងការបិទមន្ទីរពិសោធនេះ បានកើតឡើងចំពេលមានភាពតានតឹងកំពុងកើនឡើងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដោយសហរដ្ឋអាមរិក បានបង្កើនការត្រួតពិនិត្យបន្ថែមទៀត ទៅលើក្រុមហ៊ុនអាមេរិកដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន។
យ៉ាងណាមិញ លោក Wang Minjie ដែលជាអ្នកវិទ្យាសាស្រ្តជាន់ខ្ពស់នៅក្នុងមន្ទីរពិសោធសៀងហៃ របស់ Amazon បាននិយាយថា ក្រុមការងាររបស់លោក កំពុងត្រូវបានរំសាយ ដោយសារតែការកែសម្រួលយុទ្ធសាស្រ្ត ចំពេលមានភាពតានតឹងរវាងអាមេរិក និងចិន ។
គួរឲ្យដឹងថា Amazon Web Services (AWS) បានបង្កើតមន្ទីរពិសោធ Shanghai Lab របស់ខ្លួន ក្នុងឆ្នាំ២០១៨។ ហើយបើទោះបីជាចំនួនបុគ្គលិកនៅក្នុងមន្ទីរពិសោធស្រាវជ្រាវ AWS Shanghai ហាក់មិនត្រូវបានបង្ហាញឲ្យដឹងច្បាស់លាស់ក៏ដោយ ប៉ុន្តែយោងតាមរបាយការណ៍ពី Financial Time បានរាយការណ៍ថា AWS មានបុគ្គលិកច្រើនជាង ១ ០០០ នាក់ នៅក្នុងប្រទេសចិន។
ជម្រាបជូនថា ព័ត៌មាននេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon កំពុងព្យាយាមកាត់បន្ថយកម្លាំងការងាររបស់ខ្លួន នៅទូទាំងពិភពលោក ដោយចូលរួមជាមួយក្រុមហ៊ុនធំៗផ្សេងទៀត ដូចជា Microsoft និង Meta ដែលបានប្រកាសពីការបញ្ឈប់កម្លាំងការងារ នៅឆ្នាំនេះ ដើម្បីបង្កើនការពឹងផ្អែកលើបញ្ញាសិប្បនិម្មិត៕

