ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលអន្តរាគមន៍ក្នុងការជួយលោក Jensen Huang ត្រឡប់មកកាន់តំណែងនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Nvidia វិញ ដោយសារតែលោកមើលឃើញថា អ្នកដឹកនាំរូបនេះមានសារៈសំខាន់ចំពោះការប្រកួតប្រជែងបច្ចេកវិទ្យា AI របស់សហរដ្ឋអាមេរិក ជាពិសេសក្នុងការតទល់នឹងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

ការចូលអន្តរាគមន៍នេះ កើតឡើងបន្ទាប់ពីលោក Huang បានលាលែងពីតំណែងកាលពីថ្ងៃទី ២ ខែវិច្ឆិកា ដោយសាររឿងអាស្រូវពាក់ព័ន្ធនឹងទំនាក់ទំនងក្រៅចំណងអាពាហ៍ពិពាហ៍។ ការចាកចេញរបស់លោកបានបង្កឱ្យមានការព្រួយបារម្ភចំពោះអនាគតរបស់ Nvidia ដែលជាក្រុមហ៊ុនមានតួនាទីស្នូលក្នុងការផ្គត់ផ្គង់បន្ទះឈីបសម្រាប់វិស័យបញ្ញាសិប្បន្ន (AI) នៅទូទាំងពិភពលោក។
យ៉ាងណាមិញ លោក ត្រាំ បានចាត់ទុកលោក Huang ជាអ្នកមានទេពកោសល្យដ៏ឆ្នើម និងជាអ្នកដឹកនាំដែលមានសមត្ថភាពខ្ពស់ក្នុងការជំរុញការអភិវឌ្ឍបច្ចេកវិទ្យាអាមេរិក។ លោកបានបង្ហាញការព្រួយបារម្ភថា ប្រសិនបើលោក Huang ចាកចេញពី Nvidia ជាអចិន្ត្រៃយ៍នោះវានឹងអាចធ្វើឱ្យក្រុមហ៊ុនបាត់បង់អ្នកដឹកនាំដ៏សំខាន់ និងប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់អាមេរិកក្នុងវិស័យ AI។
ជាមួយគ្នានេះ ការចាកចេញរបស់លោក Huang ក៏បានបង្កើតសម្ពាធលើទីផ្សារភាគហ៊ុនផងដែរ ដោយភាគហ៊ុន Nvidia បានធ្លាក់ចុះយ៉ាងខ្លាំង និងធ្វើឱ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនរងការខាតបង់យ៉ាងច្រើន។ ក្រោយមក នៅថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមប្រឹក្សាភិបាល Nvidia បានសម្រេចតែងតាំងលោក Huang ឡើងវិញជានាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន ដោយមានប្រសិទ្ធភាពភ្លាមៗ។ ការវិលត្រឡប់របស់លោកបានជួយជំរុញឱ្យភាគហ៊ុន Nvidia កើនឡើងយ៉ាងខ្លាំង និងធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនងើបឡើងវិញផងដែរ។
ជម្រាបជូនថា ជុំវិញការចូលអន្តរាគមន៍របស់លោក ត្រាំ ដើម្បីជួយលោក Huang ត្រឡប់មកកាន់តំណែងវិញនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាមេរិកចំពោះការរក្សាអ្នកមានទេពកោសល្យក្នុងវិស័យបច្ចេកវិទ្យា និងការពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងវិស័យ AI៕

