ពូទីន បន្ទោសអាមេរិកថាជាអ្នកនាំភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី១០ ខែតុលាថា ភ្លើងសង្គ្រាម​ដែលកំពុងផ្ទុះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺបណ្ដាលមកពីភាពបរាជ័យនៃគោលនយោបាយ​របស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ខ្ញុំជឿថាមានមនុស្សច្រើនណាស់ យល់ស្របជាមួយគំនិតរបស់ខ្ញុំ ព្រោះវាបានបង្ហាញយ៉ាងច្បាស់ពីភាពបរាជ័យរបស់អាមេរិក សម្រាប់គោលនយោបាយនៅតំបន់​មជ្ឈិមបូព៌ា ដោយពួកគេមិនខ្វាយខ្វល់ពីតម្រូវការរបស់ប្រជាជនប៉ាឡេស្ទីន។ ពួកគេព្យាយាម​តាំងខ្លួនជាអ្នកសន្តិភាព ប៉ុន្តែបែរវាមិនព្រមរកដំណោះស្រាយសមស្របឲ្យប្រទេសទាំង២ឡើយ”។ នេះបើតាមសម្ដីរបស់​មេដឹកនាំរុស្ស៊ី បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia Al-Sudani។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ពូទីន លោក Dmitry Peskov បាននិយាយទៀតថា វិមានក្រឹមឡាំងនៅបន្តរក្សាទំនាក់ទំនងជាមួយអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយសន្យាថា នឹងជួយរកដំណោះស្រាយចំពោះបញ្ហា ដែលកំពុងកើតមាន ប៉ុន្តែមិនបញ្ជាក់លំអិតឡើយ។

គួរជម្រាបដែរថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបើកការវាយឆ្មក់ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន និងបានធ្វើឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ហើយមកទល់ពេលនេះប្រទេសទាំង២ នៅបន្តបើកការវាយប្រហារលើគ្នាទៅវិញទៅមកនៅឡើយ ខណៈប្រទេសលោកខាងលិចជាច្រើន បានព្រួតគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប៉ាឡេស្ទីនជាបន្តបន្ទាប់៕