EU ចាប់ផ្តើមរឹតបន្តឹងលើការនាំចូលរថយន្ត Hybrid ពីប្រទេសចិន ដើម្បីការពារឧស្សាហកម្មក្នុងស្រុក

អន្តរជាតិ

សហភាពអឺរ៉ុប (EU) បានសម្រេចដាក់កូតាកំណត់លើការនាំចូលរថយន្តប្រភេទកូនកាត់ Hybrid ពីប្រទេសចិន ក្នុងចំនួនអតិបរមា ៣៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដោយវិធានការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូតទៅ ដើម្បីការពារឧស្សាហកម្មរថយន្តក្នុងតំបន់ពីការកើនឡើងយ៉ាងខ្លាំងនៃរថយន្តនាំចូល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការអឺរ៉ុប (EC) បានប្រកាសវិធានការថ្មីចុងក្រោយនេះ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បន្ទាប់ពីសហភាពអឺរ៉ុប និងប្រទេសចិនបានឈានដល់ការយោគយល់គ្នាលើបញ្ហាពាណិជ្ជកម្មកាលពីខែមុន។ កូតានាំចូលចំនួន ៣៥០ ០០០ គ្រឿង ត្រូវបានគេប៉ាន់ប្រមាណថាស្មើនឹងប្រហែលពាក់កណ្តាលនៃចំនួនរថយន្ត Hybrid ដែលប្រទេសចិនអាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុបក្នុងមួយឆ្នាំ។

វិធានការនេះនឹងមានសុពលភាពបណ្តោះអាសន្នរយៈពេល ២០០ថ្ងៃ ស្របតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីការពារឧស្សាហកម្មក្នុងស្រុកពីការកើនឡើងនៃការនាំចូលដែលអាចបង្កការខូចខាតធ្ងន់ធ្ងរ។

មុនពេលមានការដាក់ចេញវិធានការនេះ សហភាពអឺរ៉ុបបានចាប់ផ្តើមស៊ើបអង្កេតលើការនាំចូលរថយន្ត Hybrid រួមមានរថយន្ត Hybrid ដែលមិនអាចសាកថ្មពីខាងក្រៅ (HEV) និងរថយន្ត Hybrid ដែលអាចសាកថ្មតាមរយៈប្រភពអគ្គិសនីខាងក្រៅ (PHEV) កាលពីចុងខែតុលា។

លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Hybrid នៅក្នុងសហភាពអឺរ៉ុបកំពុងបាត់បង់ចំណែកទីផ្សារយ៉ាងខ្លាំង និងប្រឈមនឹងការលំបាកក្នុងការរក្សាអាជីវកម្មឱ្យមាននិរន្តរភាពក្នុងរយៈពេលវែង បើទោះបីជាទីផ្សាររថយន្តក្នុងតំបន់នៅតែមានកំណើនក៏ដោយ។ គណៈកម្មការអឺរ៉ុបបានវាយតម្លៃទៀតថា ឧស្សាហកម្មរថយន្តក្នុងតំបន់កំពុងប្រឈមនឹងហានិភ័យនៃការខូចខាតធ្ងន់ធ្ងរ ដូច្នេះចាំបាច់ត្រូវចាត់វិធានការការពារ៕​