ទ្រព្យសម្បត្តិរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត DeepSeek របស់ប្រទេសចិន បានកើនឡើង ៤៥% ដល់ ៥៥ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់ការប្រមូលទុនថ្មីៗ ដែលទាក់ទាញការវិនិយោគពីមហាសេដ្ឋីក្នុងវិស័យឧស្សាហកម្ម និងធ្វើឱ្យរូបលោកក្លាយជាស្ថាបនិកក្រុមហ៊ុន AI ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោកផងដែរ។

យោងតាមឯកសារចុះបញ្ជីក្រុមហ៊ុនចុងក្រោយ បានបង្ហាញថាភាគហ៊ុនរបស់លោក Liang Wenfeng នៅក្នុងក្រុមហ៊ុន DeepSeek ដែលមានទីស្នាក់ការនៅទីក្រុង Hangzhou ប្រទេសចិន បានធ្លាក់ចុះពី ៨១,៦៥% កាលពីខែមិថុនា មកនៅត្រឹម ៦៧,៤% បន្ទាប់ពីមានការប្រមូលទុនថ្មី។
យោងតាមប្រភពដែលដឹងពីកិច្ចព្រមព្រៀង និងការគណនារបស់ Bloomberg Billionaires Index បានបង្ហាញថា បន្ទាប់ពីការប្រមូលទុនបានប្រមាណ ១០០ពាន់លានយ៉ន់ ឬ ១៥ពាន់លានដុល្លារ បានធ្វើឲ្យតម្លៃមូលធនរបស់ក្រុមហ៊ុន DeepSeek កើនឡើងដល់ ៨៦ពាន់លានដុល្លារ។ ខណៈការកើនឡើងនេះ ក៏បានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Liang ហក់ឡើងជាង ៣ដង ដល់ចំនួនជាង ៥៥ពាន់លានដុល្លារ គិតចាប់តាំងពីដើមឆ្នាំនេះ។
ជម្រាបជូនផងដែរថា ជុំវិញការកើនឡើងទ្រព្យសម្បត្តិនេះ បានធ្វើឱ្យលោក Liang កាន់តែមានគម្លាតទ្រព្យសម្បត្តិដាច់ឆ្ងាយពីស្ថាបនិកក្រុមហ៊ុន AI ធំៗ នៅសហរដ្ឋអាមេរិក។ ទ្រព្យសម្បត្តិរបស់លោកមានចំនួនច្រើនជាង ២ ដងនៃទ្រព្យសម្បត្តិរបស់លោក Greg Brockman សហស្ថាបនិក OpenAI ដែលប្រមាណ ២៥,៥ពាន់លានដុល្លារ និងលោក Dario Amodei នាយកប្រតិបត្តិ និងសហស្ថាបនិក Anthropic ដែលមានទ្រព្យសម្បត្តិប្រមាណ ២១,៦ពាន់លានដុល្លារ៕

