កម្ពុជា និងសហរដ្ឋអាមេរិក នៅមានសក្តានុពលលើវិស័យសំខាន់ៗជាច្រើនទៀត ដែលអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

សមាជិកព្រឹទ្ធសភាអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ស្របពេល កម្ពុជា និងសហរដ្ឋអាមេរិក នៅមានសក្តានុពលលើវិស័យសំខាន់ៗជាច្រើនទៀត ដែលអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានទាំងវិស័យថាមពល និងធនធានរ៉ែ ដោយឯកឧត្តមបានគូសបញ្ជាក់ពីការគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញរបស់សហរដ្ឋអាម៉េរិកលើវិស័យទាំងពីរនេះ សំដៅពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការលើកឡើងរបស់ លោក Steve Daines សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ នៃរដ្ឋ Montana ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

 ក្នុងឱកាសនៃជំនួបនោះ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។ សម្តេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះសកម្មភាពធុរកិច្ចរបស់បណ្តាក្រុមហ៊ុន និងសហគ្រាសអាមេរិក ដែលកំពុងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿជាក់ថា វិនិយោគិនអាមេរិកនឹងបន្តស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

សម្តេចធិបតី និងលោកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាប្រឈមសំខាន់ៗដែលជាផលប្រយោជន៍រួម ក្នុងនោះរួមមាន ការវិវត្តនៃស្ថានភាពប្រជាសាស្ត្រ និងការថែរក្សាសុខសន្ដិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក៕