រដ្ឋមន្រ្តីប្រៃសណីយ៍ ណែនាំដល់ក្រុមការងារខណ្ឌទាំង១៤ ពន្លឿនពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើការណែនាំទៅកាន់ក្រុមការងារបច្ចេកទេស ទាំង​៩ក្រុម និងខណ្ឌទាំង១៤ ជួយពង្រឹង និងពន្លឿនក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្លែងក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ទាំង​៩ក្រុម កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ជា វ៉ាន់ដេត បានណែនាំដល់ក្រុមការងារបន្តពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី​ និងទីតាំងអគារខ្ពស់ៗ​ ក្នុងការជំរុញគុណភាពសេវា។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំក្រុមការងារទទួលបន្ទុកតាមតំបន់នីមួយៗក្នុងរាជធានីភ្នំពេញ ត្រូវបន្តសម្របសម្រួលការចុះសម្ភាសន៍តាមតំបន់ក្នុងការសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

គួរបញ្ជាក់ដែរថា គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាង់សង់ “បង្គោលអង់តែនរួម” ៧៤បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ ស្ថានីយអង់តែនចំនួន១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាមការបានគ្រោងទុក។

ជាមួយគ្នានេះ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានសាងសង់បន្ថែម “បង្គោលអង់តែនរួម” ២៩៨ បង្គោល ដែលស្ថានីយអង់តែនចំនួន៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុកផងដែរ៕