ទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឥណ្ឌូណេស៊ី មានភាពល្អ និងស្អិតរមួត ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានការកើនឡើងរហូតដល់ ១ ពាន់លានដុល្លាអាមេរិកផងដែរ។

នេះបើយើងតាមជំនួបពិភាក្សារវាងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង លោក សានតូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានលើកឡើងថា ស្ថានទូតបានត្រៀមរួចរាល់ធ្វើការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងប្រជាជន ខណៈលោកថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា មានការកើនឡើងដល់ ១ ០០០លានដុល្លាអាមេរិក ហើយឥណ្ឌូនេស៊ីជាដៃគូរពាណិជ្ជកម្មធំជាប់ចំណាត់ថ្នាក់លេខ១២។
ជាមួយគ្នានេះ លោកថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្ម ពាក់ព័ន្ធទៅនឹងច្រកទ្វារកំពង់ផែអន្តរជាតិ មានការទាក់ទងទៅនឹងការនាំនូវផលិតផលឥណ្ឌូនេស៊ីមកកាន់កម្ពុជា ហើយយើងមានការរីករាយដែលកំពង់ផែក្រុងព្រះសីហនុត្រូវបានពង្រីកកាន់តែមានជម្រៅទឹកជ្រៅ និងបន្តជំរុញអ្នកវិនិយោគទុនជនជាតិឥណ្ឌូនេស៊ី មកធ្វើការវិនិយោគនៅកម្ពុជា ពិសេសខេត្តព្រះសីហនុបន្ថែមទៀត។
ជាការឆ្លើយតប លោកអភិបាលខេត្តព្រះសីហនុ ក៏បានទទួលយកនូវការស្នើសុំ និងសុំកិច្ចសហការផ្នែកសេដ្ឋកិច្ចការធ្វើពាណិជ្ជកម្មមានការកើនឡើង។ បន្ថែមពីនេះ លោកក៏បាន ស្វាគមន៍ឥណ្ឌូណេស៊ី ក្នុងការស្នាក់នៅ ធ្វើការងារ និងទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុ និងសូមជួយបន្តផ្សព្វផ្សាយ និងធ្វើការអំពាវនាវអ្នកវិនិយោគឥណ្ឌូនេស៊ី មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុផងដែរ។
ក្រៅពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈកិច្ចពិភាក្សាខាងលើនេះដែរ ក៏បានឱ្យដឹងថា មានប្រជាជនឥណ្ឌូនេស៊ីរស់នៅកម្ពុជា ជាង ១សែននាក់ ក្នុងនោះខេត្តព្រះសីហនុ មានចំនួន ៤៣ ០០០នាក់ផងដែរ៕ អត្ថបទ៖ ហ្សាលីន
