លោកស្រី ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើក «ពិព័រណ៍អន្តរជាតិកសិកម្មខេត្តហ៊ូប៉ី ឆ្នាំ២០២៦ (Hubei Agriculture International Expo 2026)» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន ក្រោមមូលបទ «Building a New Era of Land of Fish and Rice»។

ពិធីបើកជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI Dianxun អនុលេខាបក្សខេត្ត និងជាអភិបាលខេត្តហ៊ូប៉ី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម TAO Huaiqin ប្រធានពេទ្យសត្វជាតិចិន តំណាងក្រសួងកសិកម្ម និងកិច្ចការជនបទចិន តំណាងស្ថានទូតមកពីអឺរ៉ុប និងអាស៊ីចំនួន ១៩ប្រទេស រដ្ឋបាលខេត្តហ៊ូប៉ី សភាពាណិជ្ជកម្មអន្តរជាតិ ស្ថាប័នស្រាវជ្រាវកសិកម្ម អ្នកវិនិយោគ ធុរជន និងសហគ្រាសជាតិ-អន្តរជាតិសរុបប្រមាណ ២ ០០០ សហគ្រាស។

ពិព័រណ៍អន្តរជាតិដ៏ធំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដាក់តាំងបង្ហាញផលិតផលកសិកម្មចម្រុះជាង ១០ ០០០ ប្រភេទ ដើម្បីផ្សារភ្ជាប់បណ្តាញកសិពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម បច្ចេកវិទ្យាកសិកម្មទំនើប និងការកែច្នៃចំណីអាហារ។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏ផ្តោតសំខាន់លើការបង្ហាញសមិទ្ធផល និងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទរបស់ខេត្តហ៊ូប៉ី ទៅកាន់ទីផ្សារពិភពលោក ជាពិសេសការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិលើផលិតផលបៃតង ផលិតផលបច្ចេកវិទ្យាកសិកម្ម ផលិតផលគ្មានជាតិគីមី ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) និងផលិតផលកសិកម្មម៉ាកសក្តានុពលនានា។

វត្តមានរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជានៅក្នុងវេទិកាអន្តរជាតិនេះ ឆ្លុះបញ្ចាំងពីការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងការស្វែងរកឱកាសទីផ្សារ និងបច្ចេកវិទ្យាថ្មីៗ សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យកសិពាណិជ្ជកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។



