ស្បៃខ្មែរ៖ មរតកអរិយធម៌ដ៏អស្ចារ្យជាង ១ ពាន់ឆ្នាំ មានភស្តុតាងច្បាស់លាស់តាំងពីសតវត្សរ៍ទី៩

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា «ស្បៃខ្មែរ» (Khmer Sbai) មិនមែនជាសម្លៀកបំពាក់ដែលទើបតែកើតមានក្នុងសម័យទំនើបនោះទេ ប៉ុន្តែគឺជាមរតកវប្បធម៌ដ៏ចំណាស់ដែលមានឫសគល់យ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរជាង ១ ពាន់ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា ពាក្យ «ស្បៃ» ត្រូវបានរកឃើញ និងកត់ត្រាទុកជាភស្តុតាងប្រវត្តិសាស្ត្រនៅក្នុងសិលាចារឹកខ្មែរតាំងពីសតវត្សរ៍ទី៩ មកម្ល៉េះ។ វត្តមានដ៏យូរលង់នេះ បានបង្ហាញឱ្យឃើញថា ស្បៃបានចាក់ឫសយ៉ាងជ្រៅទៅក្នុងព្រលឹងវប្បធម៌ជាតិ និងត្រូវបានប្រជាជាតិខ្មែរគ្រប់ជំនាន់រួមគ្នាថែរក្សា ការពារ និងបន្តវេនរហូតមកដល់បច្ចុប្បន្ន។

តម្លៃ និងប្រវត្តិរបស់ស្បៃខ្មែរ ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈមរតករូបី និងអរូបីជាច្រើនរបស់កម្ពុជា ដែលរាប់ចាប់ពីរឿងព្រេងនិទានបុរាណ ដូចជាប្រវត្តិរឿងព្រះថោងតោងស្បៃនាងនាគ រហូតដល់សិល្បៈចម្លាក់លើជញ្ជាំងប្រាសាទ និងសិលាចារឹកនាសម័យអង្គរ។ លើសពីនេះ ស្បៃក៏បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងទំនៀមទម្លាប់អាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ និងទម្រង់សិល្បៈរបាំព្រះរាជទ្រព្យ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យនេះនៅក្នុងតំបន់ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងផងដែរថា ពាក្យថា «Sabai» ដែលប្រទេសជិតខាងកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃ គឺត្រូវបានអ្នកស្រាវជ្រាវបញ្ជាក់យ៉ាងច្បាស់ថា ជាពាក្យដែលខ្ចីយកទៅប្រើប្រាស់ពីពាក្យដើមរបស់ខ្មែរ គឺពាក្យ «ស្បៃ» (Sbai) នេះឯង។

«ស្បៃខ្មែរ ជាមរតកខ្មែរ! ជាអត្តសញ្ញាណខ្មែរ! ជាមោទកភាពខ្មែរ!»។