អាល្លឺម៉ង់កំពុងជំរុញវិនិយោគិនរបស់ខ្លួនឱ្យធ្វើពិពិធកម្មវិនិយោគនៅក្រៅប្រទេសពិសេសនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងជំរុញវិនិយោគិនធំៗក្នុងប្រទេសឱ្យធ្វើពិពិធកម្មវិនិយោគ តាមរយៈការបណ្តាក់ទុនរកស៊ីទទួលទាន នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា ដែលក្រុមហ៊ុនអាល្លឺម៉ង់កំពុងចាប់អារកម្មណ៍ និងចាត់ទុកជាគោលដៅអាទិភាពមួយ ក្នុងផែនការវិនិយោគរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ៃខល ខេលន័រ (Michael Kellner) រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងបរិស្ថានអាល្លឺម៉ង់ នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ បានថ្លែងនូវការសាទរចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជា និងបានចាត់ទុកទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ កំពុងមានភាពរឹងមាំ និងស៊ីជម្រៅ ដោយអាល្លឺម៉ង់នឹងបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលើកម្ពុជា ពិសេសបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស។ 

ជុំវិញឱកាសវិនិយោគ, លោកបានលើកឡើងឱ្យដឹងថា សារធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បាននិងកំពុងជំរុញវិនិយោគិនអាល្លឺម៉ង់ ដែលបច្ចប្បន្នអាល្លឺម៉ង់ មានក្រុមហ៊ុនធំៗក្នុងស្រុកលំដាប់ថ្នាក់ពិភពលោកជាច្រើន ឱ្យធ្វើពិពិធកម្មវិនិយោគរបស់ខ្លួន តាមរយៈការបណ្តាក់ទុនរកស៊ីទទួលទាន តាមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនោះកម្ពុជាក៏ជាគោលដៅវិនិយោគអាទិភាពមួយ ដែលក្រុមហ៊ុនអាល្លីម៉ង់ចាប់អារម្មណ៍ ។

 នៅក្នុងជំនួបនេះ គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានឧទ្ទេសនាមពីសកម្មភាពធុរកិច្ចរបស់ខ្លួន និងបានលើកជាសំណួរជាច្រើនពាក់ព័ន្ធនឹងកាលានុវត្តភាពធុរកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយនេះ គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានផ្ដល់នូវទស្សនៈ និងចែករំលែកបទពិសោធន៍ ក្នុងការដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលបានកើតមានឡើងនៅសហភាពអឺរ៉ុប ជាពិសេសនៅប្រទេសអាល្លឺម៉ង់ ។

ជាការឆ្លើយតប លោក ហ៊ាន សាហ៊ីប បានជម្រាបជូនគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ពីបរិយាកាសវិនិយោគរបស់កម្ពុជា ដែលបើកចំហ និងមានលក្ខណៈអំណោយផល ចំពោះវិនិយោគិន ជាពិសេសវិនិយោគិនបរទេស តាមរយៈការអនុញ្ញាតឱ្យវិនិយោគិនបរទេស បណ្តាក់ទុនវិនិយោគ នៅលើគ្រប់វិស័យ ដោយមិនតម្រូវឱ្យមានការចូលរួមទុន ពីវិនិយោគិនក្នុងស្រុក។

លោកបានស្នើឱ្យគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ បន្តផ្តល់អាទិភាពខ្ពស់ លើការសិក្សា អំពីកាលានុវត្តភាពធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ។

ចំណែកទាក់ទងការវិនិយោគ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងស្វាគមន៍ការវិនិយោគ ដោយផ្ទាល់ ឬដោយប្រយោលរបស់វិនិយោគិនជាតិ និងអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការកសាងបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល មានភាពទាក់ទាញ ពិសេសផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនគ្រប់ៗរូប៕ អត្ថបទ៖សារេត