ក្រសួងមហាផ្ទៃ គូសបញ្ជាក់ពីផលប៉ះពាល់មនុស្សធម៌ និងការបំផ្លិចបំផ្លាញបេតិកភណ្ឌ ដោយសារសកម្មភាពយោធាថៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថា ទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសរួម យោធាថៃនៅតែបន្តកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់ បង្កវិបត្តិមនុស្សធម៌ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាពយូរអង្វែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មាន ការវាយប្រហារ និងសកម្មភាពយោធាថៃបានបណ្តាលឱ្យពលរដ្ឋស៊ីវិលកម្ពុជាស្លាប់ ៣២នាក់ របួស ៨៩នាក់ និងជនភៀសសឹកប្រមាណ ២០.០០០នាក់ ក្នុងចំណោមជនភៀសសឹកសរុបប្រមាណ ៦៤៩.០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ព្រមទាំងបង្កការខូចខាតដល់ប្រាង្គប្រាសាទបុរាណ ផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ និងទ្រព្យសម្បត្តិជាច្រើនទៀត ដែលក្រសួងចាត់ទុកថាជាការរំលោភបំពានច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស។

ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ពីការគាំទ្រចំពោះការទាមទារឱ្យមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ព្រមទាំងការគាំទ្រប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជំរុញឱ្យភាគីថៃធ្វើការជាមួយកម្ពុជា លើការវាស់វែង និងកំណត់ព្រំដែនតាមយន្តការ JBC ដើម្បីសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕