លោក សួង វាសនា៖ បើតម្លៃជ្រូករស់លើទីផ្សារនៅតែថោកបែបនេះ ៣ខែទៀតកសិករប្រឈមនិងការដួលរំលំទាំងអស់

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលតម្លៃជ្រូករស់នៅលើទីផ្សារវាមិនទាន់សមបំណងដូចទៅនិងការចង់បានរបស់ប្រជាកសិករ កសិករចិញ្ចឹមជ្រូកនៅស្រុករលាប្អៀរខេត្តកំង់ឆ្នាំងម្នាក់បានធ្វើការប៉ាន់ប្រមាណថា បើតម្លៃជ្រូកនៅតែថោកបែបនេះ នឹងធ្វើឱ្យកសិករចិញ្ចឹមជ្រូកទាំងតូចនិងខ្នាតធំប្រឈមជាមួយនិងការដួលរំលំទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សួង វាសនា បានឱ្យដឹងថា ចាប់ពីចុងឆ្នាំ២០២២ចូលដល់ខែកុម្ភៈដើមឆ្នាំ២០២៣នេះតម្លៃជ្រូករស់នៅលើទីផ្សារមានការប្រែប្រួល ប៉ុន្តែមិនចំបេះដូងរបស់ប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមជ្រូកចង់បាននៅទូទាំងប្រទេសទេដែលឈ្មួញដើរទិញសព្វថ្ងៃហ៊ានទិញថ្លៃត្រឹមតែ៧៣០០ទៅ៧៥០០រៀល។

លោកសួង វាសនា មានប្រសាសន៍ថា«នៅពេលតម្លៃជ្រូករស់ឡើងមិនទាន់ដល់តម្លៃដើមផលិតនេះ ខ្ញុំនិយាយយ៉ាងច្រើន៣ខែទៀតកសិករនិងក្រុមហ៊ុននឹងដួលរំលំទាំងអស់ព្រោះការចំណាយលើការចិញ្ចឹមជ្រូកមានលក្ខណៈដូចគ្នា ព្រោះថ្លៃដើមផលិតចំណាយអស់៩៥០០រៀល តែមកលក់ជ្រូកបានតែ៧៥០០រៀលក្នុងមួយគីឡូក្រាម។ ដូចនេះបើតម្លៃជ្រូករស់នៅតែបែបនឹងទៀត ៣ខែទៀតកសិករយើងម្នាក់ៗវណ្ឌកររួមទំាងខ្ញុំដែរ»។

លោកលើកឡើងថា ស្របពេលតម្លៃជ្រូករស់មិនទាន់ហក់ឡើងវិញនេះ យើងឃើញថាសាច់បង្កកមានការចរាចរចែកចាយមានទូទាំងប្រទេស ហើយបើយើងអាចទប់ស្កាត់ការនាំចូលសាច់បង្កកនេះបាន ខ្ញុំជឿថាកសិករចិញ្ចឹមជ្រូកនៅក្នុងស្រុកនឹងមានការសារទរនៅពេលការចិញ្ចឹមជ្រូករបស់កសិករអាចទប់ទល់ថ្ងៃដើមនិងអាចរកប្រាក់ចំណេញខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ។

តាមកសិករនៅខេត្តកំពង់ឆ្នាំងរូបនេះថា នៅពេលតម្លៃជ្រូករស់នៅលើទីផ្សារមិនងើបឡើងវិញនេះបានធ្វើឱ្យអ្នកចិញ្ចឹមជ្រូកបាក់សតិអារម្មណ៍ជាងពេលជ្រូកផ្ទុះមានជំងឺគាត់នៅបន្តចិញ្ចឹមឡើងវិញ។ប៉ុន្តែនៅពេលទីផ្សារប៉ះពាល់ដោយសារការនាំចូលសាច់បង្កកនេះគាត់ហាក់ដូចបាក់សតិអារម្មណ៍គ្រប់គ្នាកសិករចិញ្ចឹមជ្រូកបានហើយម្តេចមិនជួយលើកស្ទួយផលិតផលក្នុងស្រុក។

លោកបន្តថា កាលពីមុនកសិដ្ឋានយើងមានមេជ្រូកចំនួន២០០មេ តែមកដល់សព្វថ្ងៃកាត់បន្ថយនៅសល់តែ១០០មេហើយនៅពេលខាងមុខនេះត្រៀមលក់ចេញ៥០មេទៀតដើម្បីយកលុយមកពង្រឹងជ្រូកសាច់នៅសល់ ខណៈដែលដើមទុនត្រៀមបម្រុងទុកកាលពីពេលមុនត្រូវបានចំណាយអស់។

លោក សួងវាសនាមានប្រសាសន៍ថាខ្ញុំចាប់ផ្តើមចិញ្ចឹមជ្រូកតំាងពីឆ្នាំ២០១៥រហូតមកដល់ពេលនេះបាន៨ឆ្នាំ ហើយបញ្ហាផ្សេងៗយើងធ្លាប់ឆ្លងកាត់អស់ហើយតំាងពីកត្តាតម្លៃជ្រូកចុះថោកនៅឆ្នាំ២០១៧និង២០១៨,បញ្ហាជំងឺក៏យើងបានឆ្លងកាត់ហើយដែរ។ប៉ុន្តែយើងមកបរាជ័យនៅពេលចុងក្រោយក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះគឺបរាជ័យធំធេង ដោយសារវត្ថុធាតុដើមដូចជាកន្ទក់ធ្លាប់តែមួយគីឡូក្រាមថ្លៃ៧០០រៀលឥឡូវឡើងថ្លៃដល់១៣០០រៀល,ចំណីសម្រេចធ្លាប់តែមួយបេថ្លៃ៦ម៉ឺនរៀលបែរមកឡើង៩ម៉ឺនទៅ១០ម៉ឺនរៀល ដែលកាលពីមុនយើងចំណាយដើមទុនលើជ្រូកសាច់ក្នុងមួយក្បាលអស់ថ្លៃតែ៧០០០រៀលហើយអាចលក់ដោះដូរគ្នាបាន ប៉ុន្តែសព្វថ្ងៃនេះយើងចំណាយដើមទុនផលិតអស់៩៥០០រៀលតែដល់លក់ជ្រូកវិញបានតែ៧៥០០រៀលក្នុងមួយគីឡូក្រាម។

លោកសង្កត់ធ្ងន់ថា«តម្លៃជ្រូករស់នៅលើទីផ្សារអាក្រក់ជាងគេគឺនៅចុងឆ្នាំ២០២២និងដើមឆ្នាំ២០២៣ហើយមកដល់បច្ចុប្បន្ននេះហើយនៅតែបន្តអាក្រក់។ ក្នុងនាមខ្ញុំជាកសិករជំនួសមុខឱ្យកសិករចិញ្ចឹមជ្រូកទាំងអស់សូមឱ្យប្រមុខរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធទាំងអស់សូមឱ្យសិក្សាឬពិចារណាទាក់ទងនិងតម្លៃជ្រូករស់ ព្រោះកសិករកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ»។

បើតាមកសិករចិញ្ចឹមជ្រូកនៅខេត្តកំពង់ឆ្នាំងរូបនេះបានឱ្យដឹងថា នៅកន្លងមកលោកបានចំណាយប្រាក់ទៅលើការទិញចំណីសម្រាប់ជ្រូកស៊ីក្នុងមួយអាទិត្យអស់ប្រាក់ប្រមាណ៣ពាន់ដុល្លារអាមរិកសម្រាប់ជ្រូកមេ១៥០ក្បាលនិងជ្រូកសាច់ប្រហែល៤០០ក្បាល៕ អត្ថបទ៖សារេត