សម្ដេចធិបតី បញ្ជាក់មូលហេតុកម្ពុជាមិនទាន់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បើទោះបីកម្ពុជា មានលក្ខណៈគ្រប់គ្រាន់

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីមូលហេតុ ដែលកម្ពុជាមិនទាន់ចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បើទោះបីកម្ពុជា មានលក្ខណៈគ្រប់គ្រាន់ក៏ដោយ។ទន្ទឹមគ្នានេះ សម្តេចអះអាងថា កម្ពុជា បានសម្រេចជ្រើសរើសយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីថ្លែងបែបនេះ នៅក្នុងពេលអញ្ជើញជាអធិបតី “វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចធុបតី បានប្រកាសអបអរសាទរមិត្តឡាវដែលបានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៦នេះ។ទាក់ទិនរឿងនេះ សម្តេចបានឱ្យដឹងថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។

សម្តេចបញ្ជាក់បន្តថា នៅឆ្នាំ២០២៤ កម្ពុជា បានដាក់ចេញជម្រើសពីរក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺនៅឆ្នាំ២០២៧ និងឆ្នាំ២០២៩ ហើយកម្ពុជា សម្រេចជ្រើសរើសយកឆ្នាំ២០២៩។ ការសម្រេចយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច សម្តេចថា ព្រោះកម្ពុជា «អត់ចង់ត្រឹមល្អមើល តែអត់ល្អស៊ី» នោះទេ គឺកម្ពុជា «ចង់បានទាំងល្អមើល និងល្អស៊ី» ពោល គឺកម្ពុជា ចង់ឱ្យការចាកចេញហើយមានភាពរឹងមាំខាងសេដ្ឋកិច្ច។

​ជាមួយគ្នានេះ សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។

បើតាមសម្តេចធិបតី បានអះអាងថា លក្ខខណ្ឌតម្រូវសម្រាប់ប្រទេសនីមួយៗ ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) ទាល់តែចំណូលរបស់មនុស្សម្នាក់ៗ មានជាង១ពាន់ដុល្លារ ប៉ុន្តែសម្រាប់កម្ពុជា មានចំណូលជិត៣ពាន់ដុល្លារក្នុងមនុស្សម្នាក់ៗ ដែលសមស្របសម្រាប់ចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចរួចស្រាប់ទៅហើយ៕ អត្ថបទ៖ហ្សាលីន