លឺ​ល្ហៀងៗ​ថា Putin អាច​នឹង​ត្រូវ​វះកាត់​បន្ទាន់ ខណៈ​បុគ្គល​ម្នាក់​នេះអាច​នឹង​គ្រប់គ្រង​ប្រទេស​បណ្ដោះ​អាសន្ន

អន្តរជាតិ

កាលពី​ពេល​កន្លង​ទៅ មាន​ដំណឹង​លេចលឺ​មក​ថា ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ អាច​នឹង​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​ជា​បន្ទាន់​ទៀត​ផង ខណៈ​ចចាមអារ៉ាម​ទាំងនោះ​សុទ្ធតែ​អះអាង​ថា ថ្នាក់​ដឹកនាំ​ខាងលើ​កំពុង​មាន​ជំងឺ​មហារីក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក បើ​យោង​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ក្រៅស្រុក​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Putin នឹង​ចាត់​តាំង​បុគ្គល​ម្នាក់​សម្រាប់​ដើរតួនាទី​ជំនួស​លោក ពោល​គឺ​គ្រប់គ្រង​រដ្ឋាភិបាល​រុស្ស៊ី​ទាំងមូល​ បើសិន​ជា​មេ​ដឹកនាំ​មហាអំណាច​មួយ​នេះ​ត្រូវ​ទទួល​ការ​សម្រាក​ព្យាបាល​ជំងឺ​មហារីក។

ទន្ទឹម​នឹង​នោះ ឆាណែល​តេឡេក្រាម​មាន​ឈ្មោះ General SVR ដែល​គ្រប់គ្រង​ដោយ​អតីត​ឧត្តមសេនីយ​ផ្នែក​ស៊ើបការណ៍​បរទេស​រុស្ស៊ី​ដែល​គេ​ស្គាល់​ដោយ​រហស្សនាម “Viktor Mikhailovich” បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា Putin នឹង​ផ្ទេរ​សិទ្ធ​គ្រប់គ្រង​ប្រទេស​បណ្ដោះ​អាសន្ន​ទៅ​ឲ្យ​លោក Nikolai Patrushev ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប៉ូលីសសហព័ន្ធរុស្ស៊ី អំឡុង​ពេល​ប្រធានាធិបតី​រូបនេះ​កំពុង និង​សម្រាក​ក្រោយ​ធ្វើការ​វះកាត់។​

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​វះកាត់ និង​ពេលវេលា​សម្រាក​ដើម្បី​ជះ​សះស្បើយ​នៅ​មិនទាន់​បញ្ជាក់​ច្បាស់​នៅឡើយ គ្រាន់តែ​គេ​រំពឹង​ថា វា​នឹង​មាន​រយៈពេល​ខ្លី​មួយ ស្របពេល​ឆាណែល​ខាងលើ​សង្កត់ធ្ងន់​ថា ក្រុម​គ្រូពេទ្យ​ដាក់​កំហិត​ថា ពូទីន​ត្រូវតែ​ធ្វើការ​វះកាត់។

មិនត្រឹម​តែ​ប៉ុណ្ណោះ ពួកគេ​ថែម​ទាំង​អះអាង​ទៀត​ថា ពូទីន​បាន​ជួប​ជជែក​ជាមួយ Patrushev ដោយ​ផ្ទាល់​រយៈពេល​ ២ ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ប្រធានបទ​នៃ​ការ​ជួប​ជជែក​គ្នា​នោះ ទំនង​ជា​ការ​ឲ្យ​តម្រុយ​ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​ថ្នាក់ដឹកនាំ​ខាងលើ។

“​ពួក​យើង​ដឹង​ថា Putin បាន​ឲ្យ​សញ្ញា​ទៅ​ Patrushev ​ដោយ​អាច​សន្និដ្ឋាន​បាន​ លោក​ចាត់ទុក​គាត់ (Patrushev) ជា​មិត្ត​ដែល​អាច​ទុកចិត្ត​បាន​តែ​ម្នាក់​គត់​នៅ​ជួរ​រដ្ឋាភិបាល។ លើស​ពី​នេះ ប្រធានាធិបតី​បាន​សន្យា​ថា បើសិន​ជា​បញ្ហា​សុខភាព​របស់​លោក​កាន់តែ​ធ្ងន់ធ្ងរ​ នោះ​ការ​គ្រប់គ្រង​ប្រទេស​ជា​បណ្ដោះ​អាសន្ន​នឹង​ធ្លាក់​ទោ​ក្នុង​កណ្ដាប់ដៃ Patrushev”។

យ៉ាងណា ចចាមអារ៉ាម​ខាងលើ​ត្រូវបាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​រុស្ស៊ី ដោយ​ពួកគេ​អះអាង​ថា ប្រធានាធិបតី​ពូទីន​ពុំ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដល់ថ្នាក់​ត្រូវ​វះកាត់​នោះឡើយ៕

ប្រភព: Nypost