ពាណិជ្ជករអូទ្រីស ចង់​វិនិយោគក្នុងវិស័យ​ថាមពល​នៅ​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបពិភាក្សាការងារជាមួយរវាង ក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ គណៈ​ប្រតិ​ភូធុរកិច្ចអូទ្រីស បានបង្ហាញបំណងចង់ធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ និងការគ្រប់គ្រង​ថាម​ពលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឪកាសនោះ ក្រុមធុរជនអូទ្រីស ដែលដឹកនាំដោយ លោក Guamur Sucmer ទីប្រឹក្សា​សហគមន៍​នៃ​ស្ថាន​​ទូត​អូ​ទ្រីស បានពិភាក្សាផ្តោតសំខាន់លើការពិភាក្សាអំពីការរៀបចំផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍ​ថាម​ពល​កម្ពុជា និង​ចំណាប់អារម្មណ៍របស់ភាគីអូទ្រីស លើការវិនិយោគនិងផ្គត់ផ្គង់គ្រឿងបរិក្ខារបច្ចេកទេស និង​បច្ចេក​វិទ្យា​សម្រាប់បម្រើឱ្យការអភិវឌ្ឍ ក្នុងស្ថានីយ៍វារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងការគ្រប់​គ្រងថា​ម​ពល​ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល ក៏បាន​ជម្រាបជូនអំពីវឌ្ឍនភាព​នៃ​ការរៀបចំ​ផែនការមេអភិវឌ្ឍថាមពលថ្មីរបស់កម្ពុជាឆ្នាំ២០២១-២០៤០ ដែលនឹងអនុម័តជាផ្លូវការដោយ​រាជរដ្ឋា​ភិបាលកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមថា ផែនការមេថ្មីនេះមិនត្រឹមតែមានគោលដៅធ្វើយ៉ាងណាឲ្យប្រភពអគ្គិសនីមានគ្រប់គ្រាន់ មានស្ថិរ​ភាព មានសន្តិសុខថាមពល និងមានថ្លៃកាន់តែប្រសើរប៉ុណ្ណោះទេ យើងក៏បានបង្កើនចំណែកប្រភពថាម​ពល​ដែល​ស្អាតឲ្យបានអតិបរិមា តាមដែលអាចធ្វើទៅបានផងដែរ។

គួរបញ្ជាក់ថា ទាក់ទិននឹងវិស័យថាមពលនេះដែរ ក្នុងកិច្ចពិភាក្សារវាងសភាអាមេរិក ជាមួយរដ្ឋមន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ សភាអាមេរិក ក៏បាន​បង្ហាញបំណងចង់ពាណិជ្ជកម្ម និងវិនិយោគផ្ដោតលើវិស័យឧស្សាហកម្មថាមពល ដូចជា៖ ធ្យូងថ្ម ប្រេង និងឧស្ម័ន សំដៅចង់រឹតចំណងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញ​ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជាបន្ថែមទៀតផងដែរ៕