ក្រុមហ៊ុនមហាសេដ្ឋីចិន ទាញទម្លាក់ Tesla នាមជាក្រុមហ៊ុនរថយន្តអគ្គិសនីពេញនិយមបំផុត

អន្តរជាតិ

លោក Wang Chuanfu គឺជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេ នៅក្នុងប្រទេសចិន ក៏ដូចជាកំពុងវាយលុយទៅក្នុងទីផ្សារសកលលោកផងដែរ ។ ដោយមានមូលដ្ឋាននៅទីក្រុង Shenzhen ក្រុមហ៊ុន BYD មានបុគ្គលោកសរុបប្រហែល ២៨៨ ០០ នាក់ ហើយមានប្រាក់ចំណូល ២១១ ពាន់លានយ៉ន់ (៣២,៨ ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សព្វថ្ងៃនេះ ក្រុមហ៊ុន BYD របស់លោក Wang បានទាញទម្លាក់ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអាមេរិក Elon Musk ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ពេញនិយមបំផុត នៅលើទីផ្សារពិភពលោក ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Financial Times ។

កាលពីខែកក្កដា ទស្សនាវដ្តី Forbes ក៏បានរាយការណ៍ផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន BYD បានកើនឡើងដល់ ៩០% បើទោះពីជាមានវិបត្តិកូវីដ ១៩ ដែលកំពុងបន្ត នៅក្នុងប្រទេសចិនក្តី ដែលបានធ្វើឱ្យលោក Wang ទទួលបានប្រាក់ចំណូលដល់ទៅ ៧ ពាន់លានដុល្លារ ផ្សេងទៀត ពីការកើនឡើងនេះ ។

ប្រភពដដែលបានបង្ហាញទៀតថា បច្ចុប្បន្ន ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Wang មានជាង ២៥ ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យលោក ក្លាយជាអ្នកមានបំផុតទី ២២ នៅក្នុងប្រទេសចិន ។

ដោយកើតនៅ Wuwei ក្នុងខេត្ត Anhui ក្នុងគ្រួសារកសិករក្រីក្រ មហាសេដ្ឋីជំនួញវ័យ ៥៦ ឆ្នាំរូបនេះ ត្រូវបានចិញ្ចឹមបីបាច់ដោយបងប្អូនបង្កើតរបស់គាត់ បន្ទាប់ពីឪពុកម្តាយរបស់លោក បានចែកឋានទៅ។

បន្ទាប់មក លោក Wang បានសិក្សាផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យ Central South ហើយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីវិទ្យាស្ថានស្រាវជ្រាវ នៅទីក្រុងប៉េកាំង ដែលនាំឱ្យរូបលោក បានចូលធ្វើការនៅកន្លែងស្រាវជ្រាវរបស់រដ្ឋាភិបាល មុនពេលបង្កើតក្រុមហ៊ុន BYD ក្នុងទសវត្សរ៍ទី ៩០ ។

រហូតដល់ឆ្នាំ ២០០៣ BYD បានប្រែពីក្រុមហ៊ុនផលិតថ្ម​ទូរស័ព្ទ​ចល័តធំជាងគេរបស់ពិភពលោក ទៅជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យរថយន្តអគ្គិសនី ហើយមហាសេដ្ឋីអាមេរិក លោក Warren Buffett ត្រូវបានគេដឹងថាអ្នកគាំទ្រដ៏ធំមួយ នៅពីក្រោយភាពជោគជ័យរបស់ BYD ។

នៅក្នុងឆ្នាំ ២០០២ លោក Buffett បានទិញយក ១០% នៃភាគហ៊ុនរបស់ BYD ក្នុងតម្លៃ ២៣២ លានដុល្លារ ហើយរហូតដល់ខែកក្កដា ឆ្នាំ ២០២២ នេះ គាត់អាចទទួលប្រាក់ចំណេញ ៣៣ ដងឯណោះ បន្ទាប់ពីការវិនិយោគរយ:ពេល ១៣ ឆ្នាំ ។

ទោះបីជាមានភាពជោគជ័យខ្លាំង នៅក្នុងប្រទេសក្តី ប៉ុន្តែ BYD ត្រូវបានទទួលស្គាល់តិចតួចប៉ុណ្ណោះ ពីទីផ្សារក្រៅប្រទេស។ តែនៅក្រោយមក កេរ្តិ៍ឈ្មោះរបស់ BYD ចាប់ផ្តើមសាយភាយយ៉ាងខ្លាំង នៅទូទាំងពិភពលោក តាមរយ:ការបង្កើតអាគុយរថយន្ត ដែលប្រើប្រាស់បានយូរ និងរថយន្តអគ្គិសនី ដែលមានតម្លៃទាបជាងក្រុមហ៊ុនអាមេរិក និងជប៉ុន ដោយក្រុមហ៊ុនរបស់លោក Wang អាចលក់រថយន្តបានច្រើនជាង ៦៤១ ០០០ គ្រឿង នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២២ ។

ជុំវិញភាពល្បីល្បាញនេះហើយ ទើបនៅឆ្នាំនេះ BYD បានយកឈ្នះទៅលើក្រុមហ៊ុន Tesla ក្នុងការលក់ បន្ទាប់ពីពួកគេបានលក់រថយន្តអគ្គិសនីថ្មី បានរហូតដល់ ៦៤១ ៣៥០ គ្រឿង នៅឆមាសទីមួយនៃឆ្នាំ ២០២២ ខណ: Tesla លក់បានត្រឹមតែ ៥៦៤ ៧៤០ គ្រឿងប៉ុណ្ណោះ ។

ក្រៅពីមុនជំនួញលើវិស័យយានយន្ត BYD ក៏ជាក្រុមហ៊ុនផលិតម៉ាស់ដ៏បំផុតរបស់ពិភពលោកផងដែរ ជាមួយនឹងការផលិតបានប្រហែលប្រាំលានម៉ាស់ ក្នុងមួយថ្ងៃ ខណ:លោក Wang ត្រូវបានគេរាយការណ៍ថា ក្លាយជាពាណិជ្ជករដំបូងគេ ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការបំពេញតាមតម្រូវការ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ៕