សេតវិមាន មិនអនុញ្ញាតឲ្យមហាសេដ្ឋី Elon Musk បើកប្រាក់ខែដល់បុគ្គលិកសន្តិសុខអាកាសយានដ្ឋាន

អន្តរជាតិ

សេតវិមានបានបដិសេធសំណើរបស់មហាសេដ្ឋី Elon Musk ក្នុងការទូទាត់លុយផ្ទាល់ខ្លួនដើម្បីបើកប្រាក់ខែដល់បុគ្គលិកសន្តិសុខអាកាសយានដ្ឋាន (TSA) ចំនួន ៥០ ០០០ នាក់ ដោយអះអាងថាបញ្ហាថវិកានឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យសេតវិមាន លោកស្រី Abigail Jackson បាននិយាយនៅថ្ងៃទី២៥ ខែមីនាថា ៖”យើងមានការដឹងគុណយ៉ាងខ្លាំងចំពោះការផ្តល់ជូនដ៏សប្បុរសរបស់លោក Musk ។ តែទោះជាយ៉ាងណាក៏ដោយ នេះនឹងបង្កបញ្ហាប្រឈមផ្នែកច្បាប់យ៉ាងសំខាន់ ដោយសារតែកិច្ចសន្យាជាច្រើនរបស់គាត់ជាមួយរដ្ឋាភិបាលសហព័ន្ធ”។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើតឡើងនៅពេលដែលមន្ត្រីសេតវិមានបានសំដៅទៅលើការផ្តល់ជូនរបស់មហាសេដ្ឋី Elon Musk ក្នុងការគាំទ្រការចំណាយសាធារណៈ ដែលក្នុងនោះ លោកបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការទូទាត់ប្រាក់ខែបុគ្គលិក TSA ប្រហែល ៥០ ០០០ នាក់ក្នុងអំឡុងពេលមានការបិទផ្នែកខ្លះនៃក្រសួងសន្តិសុខមាតុភូមិ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Abigail Jackson បានសង្កត់ធ្ងន់ថា មហាសេដ្ឋីមានដាច់គេរបស់ពិភពលោករូបនេះ មានកិច្ចសន្យាជាច្រើនជាមួយរដ្ឋាភិបាល ដែលធ្វើឲ្យចលនាបង់ប្រាក់ខែឲ្យបុគ្គលិក TSA អាចនឹងកើតមានជម្លោះផលប្រយោជន៍។

យោងតាមកាសែត Washington Post បានបង្ហាញថាលោក Musk និងក្រុមហ៊ុនរបស់លោក បានទទួលយ៉ាងហោចណាស់ ៣៨ពាន់លានដុល្លារពីកិច្ចសន្យា ប្រាក់កម្ចី ជំនួយឥតសំណង និងការបន្ធូរបន្ថយពន្ធពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៕​